ខេត្តកណ្តាល៖ បុរស២នាក់គ្រាន់តែរឿងទិញស្រាបៀរយកមកផឹក ស្រាប់តែទាស់ពាក្យសំដីគ្នា រហូតផ្ទុះកំហិងទាញបានកៅអីអង្គុយធ្វើអំពីឈើប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រ មកវាយគ្នាចំក្បាលបណ្តាលឲ្យរងរបួស ទីបំផុត ម្នាក់ចូលពេទ្យ ម្នាក់ចូលប៉ុស្តិ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ។


ជនរងគ្រោះឈ្មោះ ម៉េង ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មានរបួសក្បាល ០៣កន្លែង ។
ជនសង្ស័យឈ្មោះ ចម្រើន ធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរកសិករ ។ វត្ថុតាងចាប់យក៖ កៅអីធ្វើអំពីក្ដារប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រ ចំនួន០១ ។


មុនពេលកើតហេតុ ជនសង្ស័យកំពុងអង្គុយលើត្រើងចិញ្ចឹមត្រីឆ្តោរបស់ខ្លួន ពេលនោះជនរងគ្រោះ អុំទូកមកពីទិសខាងជើងមកដល់ត្រើងចិញ្ចឹមត្រីឆ្តោ ក៏ឡើងទៅអង្គុយនៅលើត្រើង រួចហើយជនរងគ្រោះបានសួរទៅជនសង្ស័យថា៖ ទ្រាមានអីហូបអត់? ពេលនោះជនសង្ស័យឆ្លើយថា អត់មានអីហូបទេ ក៏បានឲ្យលុយចំនួន ៣០០០០រៀល(បីម៉ឺនរៀល) ទៅឈ្មោះ ម៉េង ធា ដើម្បីទិញស្រាបៀរ យកមកផឹក ស្រាប់តែពេលនោះអ្នកទាំងពីរបានទាស់ពាក្យសំដីគ្នា ហើយឈ្មោះម៉េង ធា បានស្ទុះទៅវាយឈ្មោះចម្រើន ធឿន ពេលនោះឈ្មោះចំរើន ធឿន ក៏ទាញបានកៅអីអង្គុយធ្វើអំពីឈើប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រ មកវាយចំក្បាលឈ្មោះម៉េង ធា ចំក្បាលចំនួន០៣កន្លែង បណ្តាលឲ្យរងរបួស។


ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រាសាទ ចុះដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតីវិធី។ ចំណែកឈ្មោះម៉េង ធា ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួល នៅឯមណ្ឌលសុខភាពតាលន់៕