បាងកក៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវដល់អ្នកមានមួយចំនួន ឬអ្នកមានជីវភាពសមរម្យហើយនៅស្រុកថៃ កុំលួចប័ណ្ណសុខុមាលភាពពីប្រជាជនក្រីក្រ ព្រោះវាជាការបំពានលើសិទ្ធិរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃប្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ ២០១៩។

តាមរយៈសម្តីរបស់លោកនាយករដ្ឋមន្ត្រី អ្នកដែលមានផ្ទះសំបែង និងដីធ្លីធំៗផ្ទាល់ខ្លួន ឬមានលុយខ្លះដាក់ក្នុងកុងធនាគារមិនត្រូវបានរដ្ឋចាត់ទុកថា ជាប្រជាពលរដ្ឋក្រីក្រនោះឡើយ ដូច្នេះមិនគួរដាក់ពាក្យសុំប័ណ្ណសុខុមាលភាពទេ។ លោក ប្រាយុទ្ធ បានថ្លែងយ៉ាងដូច្នេះថា «អ្នកមានខ្លះចង់បានប័ណ្ណសុខុមាលភាព ដូចជាប្រជាជនក្រីក្រដែរ ដោយយកលេសថា ពួកគេគ្មានលុយនៅក្នុងធនាគារ ខណៈពួកគេទាំងនោះមានទាំងផ្ទះវីឡា និងដីយ៉ាងធំទូលាយ ដែលជាកម្មសិទ្ធរបស់ខ្លួន»។

លោកនាយករដ្ឋមន្ត្រីថៃខាងលើបានសង្កត់ធ្ងន់ទៀតថា «ពួកអ្នកមានទាំងនោះមិនគួរធ្វើដូច្នេះទេ ព្រោះថាវានឹងធ្វើឲ្យបាត់បង់ឱកាសសម្រាប់អ្នកក្រីក្រពិតប្រាកដ ក្នុងការទទួលបានប័ណ្ណប្រភេទនេះ។ ម្យ៉ាងទៀតរដ្ឋាភិបាលមិនមានប្រាក់ច្រើន សម្រាប់មនុស្សគ្រប់គ្នាដើម្បីចំណាយនោះទេ»។ ជុំវិញបញ្ហានេះអាជ្ញាធរថៃ កំពុងបន្តផ្តល់ជូនប័ណ្ណសុខុមាលភាព ដល់ប្រជាជននៅទូទាំងប្រទេសបន្ថែមទៀត លើលក្ខខណ្ឌដែលពួកគេបានដាក់ពាក្យសុំ ដោយភាពស្មោះត្រង់ និងត្រូវបានចាត់ជាផ្លូវការថា ជាអ្នករកប្រាក់ចំណូលទាបពិតប្រាកដមែន។

គួរជម្រាបថា ប្រជាពលរដ្ឋថៃដែលជាក្រុមអ្នករកប្រាក់ចំណូលទាបចំនួនប្រមាណ ១៤.៦លាននាក់ ត្រូវបានរដ្ឋាភិបាលថៃផ្តល់ជូនប័ណ្ណសុខុមាលភាពសង្គម ដោយម្នាក់ៗអាចដកជាប្រាក់សុទ្ធ ៥០០បាត ដែលប្រហែលនឹង ១៦.៣៣ដុល្លារអាមេរិក សម្រាប់ខែនេះ និង ៥០០បាតទៀតសម្រាប់ខែបន្ទាប់ ដើម្បីសម្រួលដល់ជីវភាពរស់នៅ របស់ពួកគេបានមួយកម្រិតផងដែរ៕