ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ខឹងសុំលុយពីស្រ្តីជាម្តាយយកទៅស៊ីចាយសប្បាយជាមួយបនភឿនមិនបានដូចបំណង ស្រាប់តែផ្ទុះភ្លើងអាឃាតស្ទុះទៅទាញព្រនង់មកវាយម្តាយជរាគ្មានញញើតដៃ បណ្តាលឲ្យស្លាប់ក្រោយស្នាដៃកូនប្រុសកំណាចយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ។

ជនដៃដល់ជាឃាតករសម្លាប់ម្តាយបង្កើត មានឈ្មោះ ភាញ ភី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែក ស្រ្តីរងគ្រោះជាម្តាយ មានឈ្មោះឌុល រឿន អាយុ៧៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់បានសុំលុយចាយពីស្រ្តីរងគ្រោះជាម្តាយ តែមិនបានសមដូចបំណង ស្រាប់ជនសង្ស័យបានផ្ទុះភ្លើងអាឃាត ដោយបានយកដំបងឈើជ្រុង វាយទៅលើស្រ្តីជាម្តាយគ្មានញញើតដៃ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅមុខផ្ទះរបស់ខ្លួនតែម្តង។


ក្រោយកើតហេតុ ពលរដ្ឋដែលជាអ្នកជិតខាង បានរាយការណ៍ទៅនគរបាលមូលដ្ឋានចុះអន្តរាគមន៍ធ្វើការចាប់ខ្លួនជនសង្ស័យជាឃាតករសម្លាប់ម្តាយបង្កើតខ្លួនឯង បញ្ជូនទៅកាន់អធិការដ្ឋាននគរាលស្រុកឧដុង្គ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែក សពស្ត្រីរងគ្រោះ បានប្រគល់ជូនសាច់ញាតិ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕