ខេត្តសៀមរាប៖ អ្នកកាសែតមួយរូបដែលបានបាត់ខ្លួនជាច្រើនថ្ងៃមកហើយនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពចងកនៅក្នុងព្រៃជិតប្រាសាទអង្គរវត្ត ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី១៣ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អេម រដ្ឋា ភេទប្រុសអាយុ ២៧ ឆ្នាំមុខរបរ អ្នកសារព័ត៌មាន មួយរៀល មានទីលំនៅអចិន្រៃយ៍ក្នុងភូមិ គោកភ្លូ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។


សាក្សីឈ្មោះ សៀក គីមសឿន , ឈ្មោះ ជា ស៊ីនួន និងឈ្មោះ ស៊ីណាត ជាអ្នកដើររកផ្សិតនៅក្នុងព្រៃ បានឲ្យដឹងថា ដំបូងពួកគាត់ទាំង៣នាក់ បាននាំគ្នាដើររកផ្សិតក្នុងព្រៃជុំវិញប្រាសាទអង្គរ លុះបន្តិចក្រោយមក ក៍បានប្រទះឃើញសាកសពចងកនៅលើដើមឈើ ក៍រត់ទៅរាយការណ៍ជូនសមត្ថកិច្ច ។
តាមការពិនិត្យសាកសពមានភាពស្អុយរលួយនៅសល់តែឆ្អឹង និងសំលៀកបំពាក់ ចងកនិងខ្សែគោពណ៌ខៀវ កំពស់៦ម៉ែត្រពីដី សមត្ថកិច្ចសន្និដ្ឋាន សពស្លាប់ដោយធ្វើអត្តឃាត ដែលអាចបណ្តាលមកពីមានវិបត្តិក្នុងគ្រួសាររួចចង.កសម្លាប់ខ្លួនឯង និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សមត្ថកិច្ចបានបញ្ជាក់ថា កាលពីជាង១ខែមុននេះ ភរិយាសពខាងលើបានមកប្តឹងឲ្យជួយអន្តរាគមន៍ ករណីបាត់ប្តីរបស់ខ្លួនជាច្រើនថ្ងៃ មិនឃើញមកផ្ទះវិញ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែសីហា មានអ្នកដើររកផ្សិត៣នាក់ បានប្រទះឃើញសាកសពចងក នៅក្នុងព្រៃជិតប្រាសាទអង្គរវត្ត នោះតែម្ដងទៅ ៕