រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាចម្សិលមិញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​ប​ញ្ចី​ឈ្មោះ​កោះហៅ​កីឡាករ សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​វគ្គ​ជម្រុះ FIFA WORLD CUP 2022 វគ្គ​ជម្រុះ​ជុំ​ទី ២ ។

ក្ន​ង​បញ្ជី​ឈ្មោះ​ដែល​ចេញ​ជា​ផ្លូវការ​នេះ មាន​កីឡាករ​ចំនួន ៣៥ រូប ដោយ​ក្នុង​នោះ​នឹង​ត្រូវ​ជម្រុះ​ចេញ​ចំនួន ១២ រូប ព្រោះ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​តម្រូវ​ឱ្យ​មាន​កីឡាករ​ត្រឹមតែ ២៣ រូប​តែ​ប៉ុណ្ណោះ ត្រៀម​ជួប​ហុងកុង នៅ​ជើង​ទី​១ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២-​តំបន់​អាស៊ី​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​កា​តា ពូ​ល C នា​ថ្ងៃ​ទី​០៥ ខែកញ្ញា​ខាង​ម​មុខ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​បាត់ឈ្មោះ​កីឡាករ​សំខាន់​ៗ​ចំនួន​៣​រូប រួម​មាន កីឡាករ ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧត្តម និង​កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន ធ្វើ​អោយ​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​អវត្តមាន​កីឡាករ​ទាំង​៣​រូប​នេះ​ផង​ដែរ ។ គេ​មិន​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ ធ្វើ​ឲ្យ​អ្នក​ទាំង​បី​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បឋម​នោះ​នៅឡើយ​ទេ ។

ជុំវិញ​រឿងរ៉ាវ​នេះ ចំពោះ​អ្នកគាំទ្រ​នៅ​តែ​គោរព​តាម​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក​លោក Felix និង​លោក Keisuke Honda អ្នកការ​ចាត់​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា​ដែរ ៕