ហាណូយ៖ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ Podul ដែលជាព្យុះទីហ្វុងទី១២ក្នុងឆ្នាំ២០១៩នេះ កំពុងតែបោកបក់ធ្វើដំណើរឆ្ពោះ មក កាន់ប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។

ព្យុះទីហ្វុង Podul បានលេចរូបរាងឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ក្បែរប្រទេសហ្វីលីពីន។ នាថ្ងៃពុធនេះ វាបានបោកបក់ឆ្លងកាត់កោះ Luzon របស់ហ្វីលីពីន ហើយឆ្លងចូលភាគខាងកើតសមុទ្រចិនខាងត្បូង ក្នុងល្បឿនធ្វើ ដំណើរប្រមាណ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់មកទៀតព្យុះខាងលើនឹងសំដៅមករកខេត្តដីកោះ Hainan របស់ចិន ជាមួយកម្លាំងខ្យល់បក់អាចដល់១២០ គីឡូម៉ែត្រក្នុង មួយម៉ោង។ ដោយនៅថ្ងៃសុក្រ វាត្រូវគេព្យាករណ៍ថា នឹងវាយប្រហារចំខេត្ត Haina តែម្តង ឬក៏ត្រឹមឆ្លងកាត់ឆ្នេរភាគខាងត្បូងនៃ ខេត្តដីកោះនេះ ហើយបន្តឆ្ពោះមករកប្រទេសវៀតណាម។

គួរជម្រាបថា ព្យុះទីហ្វុង Podul អាចមកដល់តំបន់ភាគខាងជើងនិងភាគកណ្តាលវៀតណាម នៅក្នុងកំឡុងថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈប្រទេសកម្ពុជាយើង ជាពិសេសប៉ែកខាងជើង ក៏ទំនងជានឹងទទួលរងចំណាយឥទ្ធិពលពីវាដែរ ដូចជាការធ្លាក់ភ្លៀងខ្លាំង ជាដើម៕