រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៧ សីហា ម្សិលមិញ​នេះ នៅ​ក្នុង​បណ្តាញ​សង្គម​ គេ​ឃើញ​មាន​ផេ​កមួយ​ចំនួន បាន​បង្ហោះ​ពី​រូបភាព​វី​ដេ​អូ នៃ​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី ត្រូវ​បាន​ក្រុម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​យក​មក​ផ្សព្វផ្សាយ និងសរសេរ​បំ​ភ្លើ​ស​ព័ត៌មាន​ថា ជា​ករណី​បាញ់​សម្លាប់​នេះ គឺ​នៅ​ក្នុង​ផ្សារ​អ៊ីអន2 នៅ​ក្នុង​ប្រទេស​កម្ពុជាទៅ​វិញ ការ​ដែល​ផ្សព្វផ្សាយ​ព៍​ត៌​មាន​ក្លែងក្លាយ​បែប​នេះ ធ្វើ​មានការ​ភ័ន្ត​ច្រឡំពី​សំណាក់​ប្រជាពលរដ្ឋខ្មែរ ។

មន្ត្រីជាន់ខ្ពស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា វី​ដេ​អូ​នៃ​ការ​បាញ់សម្លាប់​មនុស្ស​នៅ​ក្នុង​ផ្សា​រទំនើប​មួយ គឺ​មិនមែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ករណី​បាញ់​សម្លាប់​នេះ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ប្រទេស​ ​ឥណ្ឌូ​ណេស៊ី ។

ចំណែកឯលោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើ​បដិសេធ​ច្រានចោល​ព័ត៌មាន​ក្លែងក្លាយ​មួយ​នេះ ដោយ​បាន​បញ្ជាក់​ថា ខ្ញុំ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ សូម​បំភ្លឺ​ថា​ករណី​នេះ​គឺ​ពុំ​មាន​កើត​នៅ​ក្នុង​ផ្សារ​ទំនើប​ AEON2 ទេ ហើយ​សូម​អស់លោក​មុន​នឹង​ផ្សាយ​សូម​អោយ​មាន​មូលដ្ឋាន​ព័ត៌មាន​អោយ​ច្បាស់លាស់​ផង កុំ​ចេះ​តែ​ផ្សាយ​ដើម្បី​បំប៉ោង​សភាពការណ៍ ។

ប្រភព​ព័ត៌មាន​មួយបាន​ប្រាប់KBNអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា​នេះ ខាង​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ពិនិត្យ​​មើលក្រុម​អ្នក​បង្ហោះ​ចែកចាយ​វី​ដេ​អូ​នៃ​ការ​បាញ់​សម្លាប់​មួយ​នេះ នៅ​លើ​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ក​ឱ្យ​មាន​ភាព​យល់​ច្រឡំ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ហើយ ។

សូម​ជម្រាប​ថា សូម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​វី​ដេ​អូ​នេះ សុំ​កុំ​យល់​ច្រឡំ​ថា កើតឡើង​នៅ​ក្នុងប្រទេស​កម្ពុជា ហើយ​សុំ​កុំ​ធ្វើការ​បន្ត​ចែកចាយ​ពី​មួយ​ទៅ​មួយ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ៕