ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុករបស់លោកគួច ចំរើន បានបង្ហោះមិននេះ មានខ្លឹមសារថា «សូមជម្រាបជូនអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ គឺដោយសារមានបញ្ហាកកស្ទះចរាចរនៅគីឡូ១០២ និង១០៣ នៃខេត្តកំពង់ស្ពឺ បង្កអោយមានការកកស្ទះ បើទោះថាសមត្ថកិច្ចកំពុងតែព្យាយាមដោះស្រាយ បើតាមបញ្ហាប្រឈមកើតឡើងអាចពន្យារពេលអស់យូរថែមទៀត ដូច្នេះអំពាវនាវអោយបងប្អូនដែលនឹងចរាចរនៅផ្លូវជាតិលេខ៤ សូមរកផ្លូវវាងដូចជាផ្លូវជាតិលេខ៣ ឬផ្លូវណាដែលអាចបញ្ចៀសចរាចរណ៍រួច»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧ កន្លះព្រឹក ថៃ្ងទី២៨ ខែសីហា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគ្នា រវាងរថយន្ដដឹកប្រេងខ្មៅក្រុមហ៊ុនPTT ជាមួយរថយន្តដឹកទំនិញ នៅចំណោតលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ( ១០៣-១០៤ ) បណ្ដាលឲ្យធ្លាក់រថយន្ដពីលើផ្លូវ និងបង្កឲ្យធ្លាយប្រេងខ្មៅ ហូរស្រោចពេញផ្លូវថ្នល់ច្រើនណាស់។
ក្នុងហេតុការណ៍នេះ អាជ្ញាធរអំពាវនាវដល់អ្នកបើកបរធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចៀសវាងមានគ្រោះថ្នាក់ដោយប្រការណាមួយ៕