ខេត្តកណ្ដាល៖ បុរសម្នាក់ បានផឹកស្រាជាមួយបនភឿនឡើងស្រវឹងជោកជាំ ពេលត្រឡប់មកដល់ផ្ទះបានរករឿងអ្នកផ្ទះ រួចវាយបំផ្លាញបង្កាន់ដៃជណ្តើរចោល ថែមទាំងបោះពាក្យសម្តីគំរាមសម្លាប់ឪពុកម្តាយចោលទៀត ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ។
ជនទំនើងដែលគំរាមកាប់សម្លាប់ឪពុកម្តាយចោលមិនខ្លាចធ្លាក់នរកនេះ មានឈ្មោះ បឿន សុខជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំ-កើតហេតុ។ ចំណែក ជនរងគ្រោះឈ្មោះ ប៊ុន បឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរចាស់ជរា មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាឪពុក)។


សមត្ថកិច្ច បានឲ្យដឹងថា កន្លងមក ជនសង្ស័យ ធ្លាប់បានអំពើហិង្សាក្នុងគ្រួសារ ជាញឹកញាប់ ដោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ហើយសមត្ថកិច្ចបានចាប់ខ្លួនយកទោធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ៣លើកមកហើយ ប៉ុន្តែជននេះមិនចេះកែប្រែសោះ។ នៅថ្ងៃកើតហេតុ ជនសង្ស័យទើបចេញពីផឹកស្រា មកដល់ផ្ទះវិញ បានរករឿងឪពុកម្តាយ សួររកបាយហូប ម្តាយប្រាប់ថា បាយក្នុងឆ្នាំងដួសហូបទៅ តែជនសង្ស័យមិនទៅហូបបាយទេ បែរជាទាញបង្កាន់ដៃជណ្តើរផ្ទះ បណ្តាលឲ្យធ្លាក់បាក់មួយចំហៀង ព្រមទាំងបោះពាក្យសម្តីគំរាមរកសម្លាប់ឪពុកម្តាយចោលទៀត។

ប្រភពបន្តថា លុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ទើបជនរងគ្រោះជាឪពុក បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកងអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕