ថៃ៖ ប្ដីប្រពន្ធមួយគូត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ដោយសភាពសាកសពទាំងពីរនាក់បានកាន់ដៃគ្នាយ៉ាងណែន ហើយក្នុងនោះគេក៏បានឃើញមានលិខិតមួយច្បាប់ផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះរបស់ជនរងគ្រោះទាំងពីរនាក់ស្ថិតក្នុងខេត្តឈុនបុរី ប្រទេសថៃ ។ 

ប្រភពព័ត៌មានបានឲ្យដឹងថាសាកសពប្ដីប្រពន្ធខាងលើមានឈ្មោះលោក ប្រះឆា អាយុ ៤៤ឆ្នាំ និងអ្នកស្រី និស្សា អាយុ ៤៦ឆ្នាំ ។ 

ជាមួយគ្នានេះ សម្រាប់សំបុត្រដែលបានបន្សល់ទុកដោយជនរងគ្រោះគឺជាសំបុត្រប្រគល់មរតកទៅឲ្យកូន និងមានខ្លឹមសារថា “ម្ដាយហត់ពេកហើយ គឺហត់នឹងជីវិត តែម្ដាយមិនចង់ឲ្យកូនដឹងរឿងអ្វីច្រើនពីនេះទេ នាំតែធ្វើឲ្យកូនពិបាកចិត្ត…” ។ 

យ៉ាងណាមិញ បើតាមការរៀបរាប់ពីសំណាក់សាច់ញាតិសពដែលមានអាយុ ៤២ឆ្នាំ បានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះ ឃើញមានទឹកមុខស្រពោនរយៈពេល ២ទៅ៣ ថ្ងៃមកហើយ តែពុំចាប់អារម្មណ៍ រហូតដល់ហេតុក៏ឃើញស្លាប់ដោយចងកសម្លាប់ខ្លួនតែម្ដង ហើយចំពោះមូលហេតុ អាចមកពីជំពាក់បំណុលគេច្រើនពេក ។ 

ក្រោយកើតហេតុ សាកសពត្រូវបានប៉ូលិសធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ទើបប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សហការី KBN

ប្រភព៖ kapook