ខេត្តកណ្ដាល៖ អេសស្កាវាទ័រមួយគ្រឿង បើកបរឡើងលើរថយន្ដដឹកគ្រឿងចក្រ មិនប្រយ័ត្ន ស្រាប់តែក្បាលរថយន្ដដឹកគ្រឿងចក្រនោះ បះមុខផុតពីដី បណ្ដាលឲ្យអេសស្កាវាទ័របើកនោះក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកផ្ងារជើង សង្កត់បុរសជាអ្នកបើកបរ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយព្រែកបាក់ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

មន្រ្ដីនគរបាលស្រុកលើកដែក បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កុំ ណារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរអេសស្កាវាទ័រ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ ចំណែកម្ចាស់អេសស្កាវាទ័រ ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។


មុនពេលកើតហេតុ បន្ទាប់ពីកាយដីរួចរាល់ហើយ ម្ចាស់អេសស្កាវាទ័រ បានឲ្យរថយន្ដដឹកគ្រឿងចក្រ ទៅដឹកអេសស្កាវាទ័រ យកមកទុកវិញ។ ពេលនោះជនរងគ្រោះក៏បានបើកអេសស្កាវាទ័រនោះ ឡើងលើរថយន្ដដឹកគ្រឿងចក្រនោះ ខណៈឡើងបានបន្ដិច ស្រាប់តែរថយន្ដដឹកគ្រឿងចក្រនោះបានបះកង់មុខផុតដី ធ្វើឲ្យអេសស្កាវាទ័រ ក្រឡាប់ធ្លាក់ចូលក្នុងឡាយទឹក ផ្ងារជើងឡើងលើ សង្កត់អ្នកបើកបរស្លាប់ភ្លាមៗតែម្ដង ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះទៅការពិនិត្យ ហើយយកអេសស្កាវាទ័រ និងរថយន្ដដឹកគ្រឿងចក្រ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសត្ថកិច្ចប្រគល់ទៅឲ្យគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះ សមត្ថកិច្ចជំនាញបញ្ជាក់ថា គឺបណ្ដាលមកពីអ្នកបើកបរ អ៊ិចស្កាវិចទ័រ បើកឡើងលើរថយន្ដដឹកគ្រឿងចក្រ មានការធ្វេសប្រហែស មិនប្រយ័ត្ន ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់បែបនេះ ៕