ខេត្តកណ្តាល ៖ បុរសម្នាក់បានទិញស្រាថ្នាំ១លីត្រកន្លះ មកផឹកជាមួយក្លើ២នាក់ទៀត ឡើងស្រវឹងជោកជាំ លុះពេលត្រឡប់មកវិញ ឃើញប្រពន្ធនៅផ្ទះគេកំពុងតែលែងបៀ ក៏ខឹងច្រឡោតយកដែកកេះដុតផ្ទះខ្លួនឯងឆេះហ្មត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ។
បុរសចិត្តភ្លើងដែលដុតបំផ្លាញផ្ទះខ្លួនឯងចោលនេះ មានឈ្មោះង្វៀង យុំាងយ៉ែរ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី មានទីលំនៅភូមិ-ឃុំកើត ហេតុ (ប្ដី) ។ ផ្ទះដែលខូចខាត សង់ពីឈើ ជញ្ជាំងក្តារប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ។ ចំណែកស្រី្តជាឈ្មោះមៀង ធីចាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ-ឃុំកើតហេតុ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើបានទិញស្រាថ្នាំចំនួន ១លីត្រកន្លះផឹកជាមួយអ្នកភូមិចំនួន២នាក់ទៀត។ ពេលផឹកអស់ស្រាជនសង្ស័យបានទៅទិញស្រាថ្នាំចំនួនកន្លះលីត្ររួចហើយដើរទៅលើបែលើទឹករបស់ខ្លួនដែលស្ថិតនៅក្នុងទន្លេ ពេលទៅដល់លើបែ ក៏ផឹកស្រានោះបន្ថែមទៀត ក្រោយមកជនសង្ស័យ នឹកឃើញប្រពន្ធខ្លួនមិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងបៀ ក្នុងខណៈ នោះបានកើតមានកំហឹងបានយកដែកកេះអុជជក់បារី និងបោះកន្ទុយបារីទៅលើវាំងនន បណ្តាលឲ្យ រាលឆាបឆេះដល់ជញ្ជាំងផ្ទះធ្វើឲ្យឆេះខូចខាតអស់ទាំងស្រុងតែម្តង។


ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញចុះទៅកន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី តែស្រ្តីជាប្រពន្ធមិនប្ដឹងទេ ដោយសំណូមពរឲ្យសមត្ថកិច្ចអប់រំប្ដីតែប៉ុណ្ណោះ៕