ខេត្តកំពង់ស្ពឺ៖ ផ្ដើមចេញពីភ្លើងប្រចណ្ឌ ស្រីចិត្តឆៅម្នាក់ទាញកាំបិតផ្គាក់និងពូថៅកាប់បុរសជាប្ដីមួយកាំបិតចំកញ្ចឹងកខាងឆ្វេងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ស្រីជាឃាតករ ឈ្មោះ លុយ អេង អាយុ៤៩ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ។ ចំណែកជនរងគ្រោះជាប្ដី ឈ្មោះ សៅ ប៊ុនធឿន អាយុ៤៧ឆ្នាំ រស់នៅភូមិជាមួយគ្នា។

មុនពេលកើតហេតុ ផ្ដើមចេញពីភ្លើងប្រចណ្ឌ ប្តីប្រពន្ធខាងលើបានឈ្លោះប្រកែកគ្នាខ្លាំងៗ ស្រាប់តែស្ត្រីជាប្រពន្ធបានទាញកាំបិតផ្គាក់កាន់នៅដៃម្ខាង និងពូថៅនៅដៃម្ខាងទៀត ហើយកាប់ទៅលើប្តីមួយកាំបិតផ្គាក់ចំថ្ពាល់ខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុ ស្ត្រីជនសង្ស័យខាងលើត្រូវបាននគរបាលឃាត់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារភ្លើងប្រច័ណ្ឌ។


ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕