ភ្នំពេញ ៖ យុវជនម្នាក់បាត់បង់អស់ម៉ូតូមួយគ្រឿង បន្ទាប់ពីទៅដេកសម្រាក នៅផ្ទះសង្សារមួយយប់ ព្រឹកឡើងចោរលួចម៉ូតូ ពីកន្លែងផ្ញើរទៅបាត់ ទើបឆោឡោរត់ទៅប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅកន្លែងទទួលផ្ញើរម៉ូតូ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក ហុងដា សេ១២៥ សេី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-0616 ដែលមានម្ចាស់រងគ្រោះឈ្មោះ ខន សុខុម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងថ្នាំ ស្នាក់នៅផ្ទះជួល តាមផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិសំណើយ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមសម្តីយុវជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រោយបញ្ចប់ម៉ោងការងារ ខ្លួនបានជិះម៉ូតូ ទៅផ្ទះជួលរបស់សង្សារ នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ដល់ហើយ រួមជាមួយសង្សារ និងបងស្រីម្នាក់ទៀត ឌុបគ្នាដើរលេង ចូលហាងហូបចុក នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ។

រហូតដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ចេញមកវិញឌុបគ្នា ទៅបន្ទប់ជួលឯភូមិត្រពាំងជ្រៃ ដោយយកម៉ូតូទៅផ្ញើរនៅកន្លែងទទួលបញ្ញើរ២៤ម៉ោង ក្បែរនោះ រួចឡើងទៅដេកសម្រាក នៅបន្ទប់រៀងខ្លួន បងស្រីនៅបន្ទប់ផ្សេង ខ្លួន២នាក់សង្សារនៅបន្ទប់ផ្សេង លង់លក់រហូត ដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៥នេះ ទើបភ្ញាក់ពីដំណេក ចុះមករកម៉ូតូ ស្រាប់តែបាត់ ឆោឡោ សួរទៅអ្នកទទួលបញ្ញើរក៏មិនដឹង មានតែរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ៕