រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​គ្រុប​អេ​ឡិច​ត្រូ​និក​មួយ​អោយ​ដឹង​ថា «​ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ សម្តេច​បាន​ជួប​ជាមួយ​មេបញ្ជាការ​ទី​៩ នៅ​ជួរ​មុខ និង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ដោយ​បាន​ពិភាក្សា​គ្នា ទាក់ទង​រឿង​ព្រំដែន ។ ឥឡូវ​នឹង កំពុង​តែ​បញ្ជា​ឲ្យ​មេបញ្ជាការ​ជួរ​មុខ ជួប​គ្នា​ចរចា ដើម្បី​ដកទ័ព​រៀង​ៗ​ខ្លួន​» ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ “​ដោយសារ​តែ ផ្តើម​ចេញពី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ម្នាក់ ទៅ​បង្កបង្កើន​ផល នៅ​ក្នុង​ដី ដែល​មិន​ទាន់​ដោះស្រាយ​ហ្នឹង​! ហើយ​គេ​(​ឡាវ​) ក៏​មក​ដក… រួច​ហើយ​ឡាវ​ក៏​ល្បាត.. គេ​ក៏​បញ្ជូន​កម្លាំង​មក​បន្ថែម​ចាប់ពី​២​នាក់​ឡើង​ដល់​៦០​នាក់.. ហើយ​យើង ក៏​ទៅ​ទប់​នៅ​កន្លែង​ហ្នឹង​… ហើយ​ក៏​ទាក់ទង​គ្នា​រាល់ថ្ងៃ​ទេ…​ ទាហាន​កម្ពុជា និង​ទាហាន​ឡាវ នៅ​តាម​ទល់ដែន វា​មាន​ស្អី ជាមួយ​គ្នា ។ ស៊ី​បាយ​ជាមួយ​គ្នា ទល់មុខ​គ្នា នៅ​ហ្នឹង​” ។

ទោះជា​យ៉ាងណា សម្តេច​តេ​ជោ បន្ថែម​អោយ​ដឹង​ថា នៅ​ពាក់កណ្តាល​ខែកញ្ញា នាយក​រដ្ឋមន្ត្រី​ឡាវ មក​ធ្វើ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ ដើម្បី​បន្ត​កិច្ច​ការងារ​ទាក់ទង​នឹង​រឿង​ព្រំដែន ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ឡាវ​ខាងលើ​នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ កាលពី​ព្រឹក​ម្សិលមិញ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ បង្ហាញ​ពី​ការ​បង្កើន​កងទ័ព​របស់​ឡាវ មក​កាន់​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ ។ រីឯ​កងទ័ព​កម្ពុជា ក៏​ត្រូវ​បាន​បន្ថែមចំនួន​ទ័ព​ទៅ​កាន់​តំបន់​នោះ ហើយ​កម្ពុជា ក៏​បាន​ប្រជុំ​ត្រៀម​ជម្លៀស​ប្រជាជន​៤​ភូមិ ចេញពី​តំបន់​ជម្លោះ នៅ​ពេល​មាន​ហេតុការណ៍​ប៉ះទង្គិច​ដោយ​អាវុធ​ណាមួយ​កើតឡើង ៕

នៅព្រឹកនេះ ! កម្លាំងជួរមុខកម្ពុជា និងយោធាឡាវ កំពុងឈមមុខដាក់គ្នា