ខេត្តក្រចេះ៖ បុរសម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយ ល្បួងក្មេងស្រីរងគ្រោះជាអនិតិជនវ័យ១២ឆ្នាំ រំលោភសេពសន្ថវៈនៅលើផ្ទះរបស់ខ្លួនបានសម្រេច ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ជីដូនជនរងគ្រោះ។
ហេតុការណ៍រំលោភសេពសន្ថវៈនេះកើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ។
មន្ត្រីនគរបាលស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រឹម ស៊ីនួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បានចាប់រំលោភសេពសន្ថវៈ ក្មេងស្រីឈ្មោះ ផ.ភ អាយុ ១២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ។

មុនពេលចាប់ខ្លួន ជនសង្ស័យល្បួងក្មេងស្រីរងគ្រោះឲ្យឡើងលើផ្ទះរបស់ខ្លួន ហើយឃើញមានឱកាសល្អ ក៏ចាប់រំលោភនៅក្នុងបន្ទប់លើផ្ទះរហូតបានសម្រេចតែម្តង ។
ក្រោយពេលកើតហេតុ ជីដូនជនរងគ្រោះបានដឹងរឿងក៏មកប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង ហើយភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី។
រីឯក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បន្ទាប់ពីឃើញមានឈាមហូរតាមទ្វារមាសយ៉ាងច្រើន ៕