ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឯកភាពចំពោះការស្នើសុំរបស់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបានស្នើសុំឲ្យបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ហើយក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់និងស្នើសុំចារឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែង និងរថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើ ។
នៅក្នុងលិខិតស្នើសុំរបស់នាយឧត្តមសេនីយ៍សៅ សុខា បានជម្រាបជូនហ៊ុន សែន ថា ដើម្បីទប់ស្កាត់បទល្មើសដែលជាឧក្រិដ្ឋកម្មព្រៃឈើបានជោគជ័យយូរអង្វែង គណៈកម្មការជាតិស្នើសុំនូវការសម្រេចពីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួន៦ចំណុច៖

ទី១.សុំមោឃភាពឬលុបចោលនូវលិខិតបើកផ្លូវដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីដីសម្បទាន”LP”។លិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ”PC”ទាំងអស់ដែលចេញនាពេលកន្លងទៅដើម្បីរៀបចំចេញលិខិតអនុញ្ញាតសាជាថ្មីនាយស្រួលគ្រប់គ្រង ។
២.សុំឱ្យក្រសួងស្ថាប័នជំនាញត្រួតពិនិត្យមោឃភាពនិងដកហូតសិទ្ធិពីក្រុមហ៊ុនដែលមិនគោរពច្បាប់ មិនគោរពកិច្ចសន្យា មិនគោរពកិច្ចព្រមព្រៀង។
៣.សូមបង្កើតរោងសន្និធិផលអនុផលព្រៃឈើដែលមានប្រភពពីដីសម្បទានក្រោមរូបភាព ជាច្រកចេញចូលតែមួយ មានទីតាំងឆ្ងាយពីដីសម្បទាន និងព្រំដែន នោះគឺ១.នៅខេត្តកំពង់ធំនិងទី២.នៅខេត្តកំពង់ឆ្នាំង។
៤.សុំការអនុញ្ញាតប្រមូលវត្ថុតាងមធ្យោបាយនៃបទល្មើសដែលបានកម្ទេចចោលយកមករក្សាទុកផ្តុំកន្លែងមួយកំណត់ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើតុលាការ។
៥.សុំបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់ ។
៦.ដើម្បីឃោសនាអប់រំ និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងកិច្ចការការពារព្រៃឈើរបស់រាជរដ្ឋាភិបាល ព្រមទាំងបង្ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈើ។
ស្នើសុំចារឹកឈ្មោះក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងគំនររថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើ។ចំពោះចំណុចទាំង៦ដែលស្នើសុំខាងលើនេះរបស់នាយឧត្តមសេនីយ៍សៅ សុខា ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ឯកភាពចំនួន៥ចំណុច។ តែត្រង់ចំណុចទី៣ សម្ដេចមិនទាន់ឯកភាពទេ ។ទាក់ទងករណីខាងលើនេះ

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២២ ខែសីហា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឯកភាពចំពោះសំណើរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជាមួយនឹងស្ថាប័នមានសមត្ថកិច្ច ក្នុងការអនុវត្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្ត ៕