ភ្នំពេញ ៖ គិតមកត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ អគ្គិភ័យឆេះអគាររោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មិនទាន់រលត់ទេ សមត្ថកិច្ចជនាញកំពុងបន្តបាញ់ពន្លត់នៅឡើយ ខណៈអគារត្រូវបានឆេះខូចខាតទាំងស្រុង។


នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ នៅទីតាំងកើតហេតុគេឃើញវត្តមានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពគ្រោះអគ្គិភ័យនេះដោយផ្ទាល់តែម្ដង។


ហេតុការណ៍គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែសីហា ម្សិលមិញមកម្ល៉េះ ហើយបានរាលដាលដល់អាគារចំនួន៣ទៀតដែលនៅជាប់គ្នានោះ។


តែមិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរមូលដ្ឋានក៏បានជម្លៀសប្រជាពលរដ្ឋនៅតំបន់នោះចេញជាបណ្តោះអាសន្នសិន៕