ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋចំនួន៣ក្បាល នៅចំណុចផ្ទះជនរងគ្រោះ ភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល តែពួកបានវាយសម្លាប់ពន្លះយកសាច់អស់២ក្បាល នៅរស់១ក្បាល។


ជនរងគ្រោះឈ្មោះឱម ផាន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច ជនរងគ្រោះ ឈ្មោះឱម ផាន បានដឹកគោទាំង៣ក្បាលញី១ក្បាលនិង ឈ្មោល០២ក្បាលចូលក្រោល រួចហូបបាយចូលផ្ទះអង្គុយមើលទូរទស្សន៍ចាំកូនប្រុសមកពីធ្វើការ។

លុះម៉ោង៩យប់ ជនរងគ្រោះចូលដេកទាំងអស់គ្នា លុះដល់ម៉ោង១ និង៣០នាទីចូលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះក៏ងើបចេញពីផ្ទះទៅបត់ជើងតូចមើលទៅក្រោលគោ ស្រាប់តែបាត់គោអស់ពីក្រោល ក៏បានដើររកឃើញត្រដោកដែលចងនៅលើសត្វគោនោះ កាត់ទម្លាក់ចោល នៅក្នុងក្រោល ទើបជនរងគ្រោះ២នាក់កូន ដើររកឃើញដានជើងដឹកទៅខាងក្រោយផ្ទះតែរកពុំឃើញ។


ប្រភពបន្តថា លុះដល់ព្រឹកឡើងម៉ោង៦ព្រឹកមានអ្នកភូមិឈ្មោះ រ៉ាន់ ភេទស្រី ដឹកគោទៅចងប្រទះឃើញគោគេកាប់ពន្លះយកសាច់ចំនួន២ក្បាល នៅចំណុចម៉ុងចិនភូមិតាប្រាប ឃុំម្កាក់ ស្រុកអង្គស្នួល រួចជនរងគ្រោះបានទៅមើល ឃើញគោដែលកាប់ព្រលះយកសាច់នោះ ពិតជាគោរបស់ជនរងគ្រោះប្រាកដមែន តែបាននៅគោញី១ក្បាល ។


សមត្ថកិច្ច បញ្ជាក់ថា ពេលនេះកម្លាំងជំនាញស្រុកកំពុងតែបើកការស្រាវជ្រាវស៊ើបអង្កត តាមចាប់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមច្បាប់៕