ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងមួយ ហាមឃាត់គណនីយហ្វេសប៊ុក ឈ្មោះ Lyheng Smile , Heng Smile ដែលបានចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងតាមបណ្តាញសង្គមហ្វេសប៊ុក ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់ពីក្រសួងសុខាភិបាល។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ មានខ្លឹមសារថា តាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីឈ្មោះ Lyheng Smile, Heng Smile កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ចំនួន៥មុខ ១-Ly Heng Skin Care Silver, ២- Ly Heng Skin Care Gold, ៣-Cleansing Form, ៤-Scrum Collagen Plus, ៥-Day Cream គឺគ្មានក្រុមហ៊ុនត្រឹមត្រូវ គ្មានលេខប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។


ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿការឃោសនាភូតកុហកបោកប្រាស់ខាងលើ និងបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើដែលផ្សព្វផ្សាយតាមគណនីឈ្មោះ Lyheng Smile, Heng Smile ហើយក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីឈ្មោះLyheng Smile, Heng Smile ត្រូវឈប់ផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើនេះ ព្រមទាំងប្រមូលមកកម្ទេចចោលជាបន្ទាន់។


ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ Lyheng Smile,Heng Smile ដែលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេទប្រវេទន៍ខាងលើនេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។


សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ដែរថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មាន លេខប្រវេទន៍ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕