ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកបិទទីតាំងស្តុកខ្សាច់គ្មានច្បាប់១កន្លែង របស់ឈ្មោះថុង គឹមហេង ស្ថិតនៅបណ្ដោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។


លោកឌី រ័ត្នខេមរុណ បានឲ្យដឹងថា ការចុះបិទអាជីវកម្មខាងលើ ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតមួយ ចុះពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ជូនអភិបាលខណ្ឌមានជ័យ ឲ្យចុះបិទអាជីវកម្មស្តុកខ្សាច់នេះ ព្រោះគ្មានលិខិតអនុញ្ញាត និងដឹកខ្សាច់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។


ក្នុងពេលចុះទៅបិទអាជីវកម្មស្តុកខ្សាច់នេះ លោកឌី រ័ត្នខេមរុណ បានណែនាំដល់ម្ចាស់អាជីវកម្មនេះ ចំនួន៣ចំណុច ៖ ទី១-ហាមមិនឲ្យរថយន្តដឹក ខ្សាច់ ដឹកដី នឹងដេប៉ូខ្សាច់ ដែលបង្កផលប៉ះពាល់លើផ្លូវ៦០ម៉ែត្រ មិនអនុញ្ញាតបន្តការដឹកចេញទៅតជាដាច់ខាត។ ទី២-ពំនូកខ្សាច់ ត្រូវយកចេញឲ្យទាបស្មើដី មិនឲ្យគរខ្ពស់ឡើយ និងទី៣-ការដ្ឋានត្រូវចាក់សោបិទ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងករណីមិនអនុវត្តតាមចំណុចខាងលើនេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ គ្មានការយោគយល់ឡើយ។


ជាមួយគ្នានោះ លោកថុង គឹមហេង ម្ចាស់អាជីវកម្មខាងលើ បានយល់ព្រមផ្តិតមេដៃលើសេចក្តីជូនដំណឹងបញ្ឈប់អាជីកម្មតាមការណែនាំរបស់រដ្ឋបាលខណ្ឌមានជ័យ ផងដែរ៕