ភ្នំពេញ៖ យុវជនម្នាក់ បានបាក់ចិត្តស្រលាញ់នារីម្នាក់បាត់មុខសឹងមិនបាន លុះពេលធ្វើមុខក្រាស់ទៅអង្វរសុំស្នេហ៍នាង បែរជានាងមិនអាណិតមិនដាក់ទានស្នេហ៍ ទើបធ្វើឲ្យយុវជនរងគ្រោះឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីលែងចង់រស់ ក៏សម្រេចចិត្តជ្រើសរើសផ្លូវបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារដាច់ខ្សែជ័រ និងធ្លាក់ពីជាន់ទី៣មកដី បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តួកស្តឹង។


ករណីយុវជនខូចចិត្តរឿងស្នេហា មកចង.កសម្លាប់ខ្លួនមិនសម្រេចនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនដែលគិតខ្លីប៉ុនប៉ងសម្លាប់ខ្លួននេះ មានឈ្មោះធី ចាន់តាក់ អាយុ២៧ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួលជាន់ទី៣ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា យុវជនរងគ្រោះបានបាក់ចិត្តស្រឡាញ់នារីម្នាក់យ៉ាងខ្លី ប្រាថ្នាយកនាងធ្វើជាប្រពន្ធ តែនារីរូបនេះមិនព្រមស្ម័គ្រ ទើបធ្វើឲ្យយុវជនខាងលើខូចចិត្តខូចថ្លើមតែម្នាក់ឯង តែយ៉ាងណា ក្រុមគ្រួសារមិននឹកថា ជនរងគ្រោះគិតខ្លីបែបនេះទេ។ នៅព្រឹកថ្ងៃមុនពេលកើតហេតុ ខណ:ដែលបងប្អូន កំពុងដេកសម្រាក មិនទាន់ងើបផង ស្រាប់តែជនរងគ្រោះបានយកកាងហាលខោអាវជ័រមកចងភ្ជាប់នឹងដែកពិដាន ដើម្បីធ្វើអត្តឃាតខ្លួន តែដោយជនរងគ្រោះមានទម្ងន់ធ្ងន់ ទើបធ្វើឲ្យដាច់រហូតដែក ទាក់ដាច់ទាំងខ្សែភ្លើង ធ្លាក់តាំងពីជាន់ទី៣ ដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ។


ក្រោយកើតហេតុ ប្រជាពលរដ្ឋនិងបានសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ជួយដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជីវិត តែគេមិនទាន់ដឹងថា ជោគវាសនារបស់ជនរងគ្រោះបានឆ្លងផុតពីគ្រោះថ្នាក់លើកនេះ យ៉ាងណានោះទេ៕