ខេត្តព្រះវិហារ ៖ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រី​ព័ត៌មាន បង្ហាញ​ថា នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ សភាពការណ៍​ព្រំដែន​កម្ពុជា​-​ឡាវ បាន​នឹង​កំពុង​តានតឹង ។

ដោយឡែក តាម​របាយការណ៍​លោក​អធិការ​ស្រុក​ជាំ​ក្សាន្ត និង​កងកម្លាំង​ជួរ​មុខ គឺ​សកម្មភាព​យោធា​ឡាវ បន្ត​ឈរជើង​នៅ​ចំណុច​ដដែល ពិនិត្យ​ឃើញ​មានការ​កើន​កម្លាំង​ជាង​មុន ។ កម្លាំង​ខាងយើង​(​កម្ពុជា​) ក៏​បាន​បន្ថែម នៅ​គ្រប់​គោលដៅ ត្រៀមចាំ​បញ្ជា ។

របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ ជូន​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បន្ត​ថា នៅ​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​លេខ​៣ បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត អោយ​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាជន ចំនួន​៤​ភូមិ ក្នុង ២​ឃុំ រួម​មាន ៖ ១-​ភូមិ​របុញ ២-​ភូមិ​សែន​តេជះ ៣-​ភូមិ​មរកត​តេ​ជោ ក្នុង​ឃុំ​មរកត និង​១​ភូមិ​ទៀត គឺ​ភូមិ​សែន​រុងរឿង​៥ ក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត អោយមក​ស្នាក់​ជា​នៅ​គោលដៅ​ចំណុច​ស្រះ​ម្លិះ និង​វត្ត​ទួល​អណ្តែត ក្នុងស្រុក​ជាំ​ក្សាន្ត ក្នុង​ករណី​អាសន្ន​ឈាន​ដល់​ការ​ផ្ទុះអាវុធ ៕

សភាពការណ៍​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ឡាវ យ៉ាងណា​នោះ KBN នឹង​ផ្សាយ​ជូន​បន្តបន្ទាប់…