ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះ កម្លាំងយោធាឡាវ បន្តឈរជើងនៅចំណុចដដែលកើនកម្លាំងជាងមុន ហើយកម្លាំងខាងកម្ពុជាយើង ក៏បានបន្ថែមនៅគ្រប់គោលដៅត្រៀមចាំបញ្ជា ។ ចំណែក ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ3 បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ចស្រុកជាំក្សាន្តឲ្យធ្វើការត្រៀមលក្ខណៈជម្លៀសប្រជាជនចំនួន 4ភូមិ ក្នុង2ឃុំ ទៅរកកន្លែងមានសុវតិ្ថភាព ក្នុងករណីអាសន្នឈានដល់ការផ្ទុះអាវុធ ។

យោងតាមគណនីហ្វេសប៊ុករបស់ឯកឧមត្ត ខៀវ កាញារិទ្ធិ ដែលបានបង្ហោះមុននេះ មានខ្លឹមសារថា « សូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីជូនជ្រាប៖ ថ្ងៃទី23
08/2019 សភាពការណ៍ព្រំដែនកម្ពុជា- ឡាវ តាមរបាយការណ៍លោកអធិការស្រុកជាំក្សាន្ត និងកងកម្លាំងជួរមុខ
សកម្មភាពយោធាឡាវ បន្តឈរជើងនៅចំណុចដដែលពិនិត្យឃើញមានការកើនកម្លាំងជាងមុន ។ កម្លាំងខាងយើង ក៏បានបន្ថែមនៅគ្រប់គោលដៅត្រៀមចាំបញ្ជា។


_នៅម៉ោង 6,30នាទី 22/08/2019 ឯកឧត្តម ស្រីឌឹក មេបញ្ជាការកងពលធំលេខ3 បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ចស្រុកជាំក្សាន្តអោយធ្វើការត្រៀមលក្ខណៈជម្លៀសប្រជាជនចំនួន 4ភូមិ ក្នុង2ឃុំ ។ មាន1/ ភូមិរបុញ 2/ភូមិសែនតេជះ 3/ភូមិមរកតតេជោ ក្នុងឃុំមរកតនិង1ភូមិ សែនរុងរឿង5 ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត អោយមកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែត ក្នុងស្រុកជាំក្សាន្ត ក្នុងករណីអាសន្ន ឈានដល់ការផ្ទុះអាវុធ ។ ដោយក្តីគោរពពីមន្ទីរព័ត៌មានខេត្តព្រះវិហារ»។

ចំពោះស្ថានការណ៍វិវឌ្ឈន៍ទៅជាយ៉ាងណា «KBN» ផ្សាយជូននៅពេលក្រោយទៀត៕