ខេត្តកោះកុង៖ តុលាការខេត្តកោះកុងសម្រេចលើកលែងបទចោទប្រកាន់លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅអាឡិច ស្ថាបនិកអង្គការមាតាធម្មជាតិហើយ បន្ទាប់ពីបានបើកសវនាការកំបាំងមុខកាលពីចុងខែសីហាកន្លងទៅ។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ តុលាការខេត្តកោះកុងប្រកាសសាលក្រមឱ្យលោក អាឡិច បានរួចផុតពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើសមគំនិត។

សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញលោក អាឡិច សម្ដែងការសាទរដែលតុលាការខេត្តកោះកុងផ្ដល់យុត្តិធម៌ដល់រូបលោក។
លោកអាឡិច បានថ្លែងថា នេះជាករណីដំបូងហើយដែលចៅក្រមកាត់ឱ្យសកម្មជនឈ្នះក្តី បន្ទាប់ពីរងការចោទប្រកាន់ដោយអយុត្តិធម៌។ លោករំពឹងថា សាលក្រមនេះនឹងក្លាយជាគំរូដល់តុលាការរាជធានី-ខេត្តផ្សេងទៀត ឱ្យឈរលើគោលការណ៍វិជ្ជាជីវៈក្នុងការវិនិច្ឆ័យរឿងក្តីរបស់សកម្មជន និងអ្នកទោសមនសិការដទៃទៀត។


លោក អាឡិច បញ្ជាក់ថា លោកនឹងយកសាលក្រមរបស់តុលាការនេះ ដើម្បីស្នើទៅក្រសួងមហាផ្ទៃជាថ្មីទៀត ឱ្យផ្ដល់ទិដ្ឋាការដល់រូបលោកវិញ។ ម្យ៉ាងវិញទៀត លោកថា សាលក្រមនេះគួរតែជាមូលដ្ឋានសម្រាប់តុលាការកំពូល ឱ្យពិចារណាលើកលែងទោសដល់អតីតយុវជនមាតាធម្មជាតិ៣ នាក់ ដែលត្រូវតុលាការខេត្តកោះកុងកាត់ឱ្យមានទោសក្នុងសំណុំរឿងដូចគ្នានេះដែរ។

សង្គមស៊ីវិលស្វាគមន៍ការសម្រេចរបស់តុលាការខេត្តកោះកុងនេះ និងស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅអាឡិច វិលត្រឡប់មកកម្ពុជាវិញ ដើម្បីបន្តការងារការពារបរិស្ថានតទៅទៀត៕