ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តឡើងស្ពានអាកាសតិចណូ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករះរបាំងថ្មខ័ណ្ឌចែកទ្រូងផ្លូវ បណ្ដាលឲ្យរលំរបាំងថ្មអស់ចំនួន៣ផ្ទាំង ឯបើកបររថយន្តរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចលើស្ពានអាកាសតិចណូ។
អ្នកបើកបររថយន្ត និងជាជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បើតាមស្រ្តីជាគូដណ្ដឹងរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើ បានប្រាប់គូដណ្ដឹងរបស់ខ្លួនថា គាត់មានអាការៈ ឈឺក្បាលរាងវិលមុខ ស្របពេលដែលបុរសខាងលើកំពុងតែបើករថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹក ប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AL-7284 ។លុះមកដល់ចំណុចកើតហេតុបានបើករថយន្តឡើងស្ពានអាកាសតិចណូ ក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលចង្កូតទៅបុករះរបាំងថ្មខ័ណ្ឌចែកទ្រូងផ្លូវ បណ្ដាលឲ្យរលំរបាំងថ្មអស់ចំនួន៣ផ្ទាំង ឯរថយន្ដវិញខ្ទាតជាង១០ម៉ែត្រ រងការខូចខាតដាច់កង់ខាងឆ្វេងទៅមុខលែងរួច ។ ភ្លាមៗនោះអ្នកបើកបររថយន្ដរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះ នៅឯមន្ទីរពេទ្យផងដែរ។


ពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគររាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕