ខេត្តព្រះសីហនុ៖ ក្មេងស្រីសិស្សសាលាម្នាក់ដែលបានបាត់ខ្លួនចេញផ្ទះគ្មានដំណឹងកាលពី៥ថ្ងៃមុខ ពេលនេះត្រូវបានគេប្រទះឃើញសពហើយ នៅម្តុំកន្លែងកម្សាន្តទឹកធ្លាក់ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ គឺស្លាប់ដោយអំពើឃាតកម្មរំលោភសម្លាប់។

ក្មេងស្រីរងគ្រោះក្នុងករណីឃាតកម្មនេះ មានឈ្មោះអឿន ស្រីណុច អាយុ១៤ឆ្នាំ ជាសិស្សសាលា រស់នៅភូមិព្រៃនប់១ ឃុំ,ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្មេងស្រីរងគ្រោះ បានបាត់ពីផ្ទះ តាំងពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដោយគ្មានដំណឹង ហើយក្រុមគ្រួសារបានដើរស្វែងរកគ្រប់ទីកន្លែង ថែមទាំងប្រកាសស្វែងរកនៅលើបណ្តាញសង្គមហ្វេសប៊ុកទៀត ។

លុះមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ទើបមានអ្នកប្រទះឃើញសពក្មេងស្រីរងគ្រោះនៅចំណុចខាងលើ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីពិនិត្យសពរួច ឃើញថា ក្មេងស្រីរងគ្រោះត្រូវឃាតករនាំយកទៅរំលោភសេពសន្ថវៈ ហើយវាយសម្លាប់បំបិតមាត់។ ក្រោយមក ក៏ប្រគល់សាកសពជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ពេលនេះ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក វែកមុខរកជនដៃដល់ជាឃាតករសម្លាប់ក្មេងស្រីរងគ្រោះ យកមកផ្តន្ទាទោសតាមច្បាប់៕