ខេត្តកំពង់ធំ ៖ រថយន្តឃ្លុបដឹកទំនិញ១គ្រឿង ខណៈដែលកំពុងបើកបរធ្វើដំណើរសុខៗស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោមកាប៊ីន ធ្វើឲ្យអ្នកបើកបរភិតភ័យព្រលឹងចេញស៊ីព្រលិត ជាន់ហ្វ្រាំងឈប់ បើកទ្វាររត់ចេញរក្សាជីវិតសិន។
ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង០៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវចូលបុស្សម្កាក់ ភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-8401 ប្រភេទរថយន្តមានឃ្លុបដឹកទំនិញធុនស្រាល បើកបរដោយម្ចាស់មានឈ្មោះ ជុំ វុទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីផ្នែកខាងក្រោមកាប៊ីនយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ភិតភ័យជាន់ហ្វ្រាំងឈប់រថយន្ត បើកទ្វាររត់ចេញរកកន្លែងមានសុវត្ថិភាព។


ក្រោយកើតហេតុ មានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំនួន១គ្រឿង បានចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនិង០៤ម៉ែត្រគុប ទើបភ្លើងរលត់ទាំងស្រុងទៅវិញ និងមានមនុស្សទទួលរងគ្រោះថ្នាក់ទេ គ្រាន់តែផ្នែកកាប៊ីនរថយន្តរងការខូចខាតទាំងស្រុង៕