ខេត្តស្វាយរៀង៖ បុរសម្នាក់ជាស្មៀនឃុំសំបួរ ក្រោយពីផឹកស្រាស្រវឹងជោកជាំ បានបើកម៉ូតូ១គ្រឿងបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តដឹកដី ដែលបែកកង់ឈប់ដូរតាមចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យកៀបជាប់គូទរថយន្ត រងរបួសធ្ងន់សន្លប់ស្តូកស្តឹង។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣២-១៣៣ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A-៣១០៥ បើកបរធ្វើដំណើរតាមផ្លូវខាងលើក្នុងទិសដៅពីលិចខាងកើត លុះពេលដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ម្ខាង ហើយបានអែបចិញ្ចើមផ្លូវឈប់ដូរកង់ ស្រាប់តែពេលនោះ មានបុរសស្រវឹងម្នាក់ ឈ្មោះសោម សាមួន អាយុ៥២ឆ្នាំ មុខរបរស្មៀនឃុំសំបួរ រស់នៅភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-៩៤៥០ បោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ។ ចំណែក ម្ចាស់រថយន្ដមិនស្គាល់អត្តសញ្ញាណ បានរត់គេចពីកន្លែងកើតហេតុ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារមកដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ បន្ទាប់មកសមត្ថកិច្ចធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការក្រុងស្វាយរៀង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕