ខេត្តប៉ៃលិន៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន បញ្ជូនស្ត្រីសង្ស័យម្នាក់ដែលជិះម៉ូតូ មកវាយជនរងគ្រោះមានផ្ទៃពោះ២ខែ ដល់ផ្ទះឲ្យរងរបួស រួចរត់គេចខ្លូនបាត់មួយសប្ដាហ៍ ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនហើយ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។


ជនសង្ស័យឈ្មោះ ឈឿន ស្រីណុច ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ចំណែកជនរងគ្រោះឈ្មោះ សាន់ មុំ ភេទ ស្រី អាយុ ២៧ឆ្នាំ (មានផ្ទៃពោះ២ខែ) រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែសីហា កន្លងទៅ ជនសង្ស័យឈ្មោះ ឈឿន ស្រីណុច បានជិះម៉ូតូម៉ាកធូដេ ពណ៍ព្រីងទុំ មកវាយជនរងគ្រោះឈ្មោះ សាន់ មុំ (មានផ្ទៃពោះ២ខែ) មូលហេតុគឺជនសង្ស័យបានចោទជនរងគ្រោះថា បានវាយកូនរបស់ខ្លូន ។

ប៉ុន្តែត្រូវជនរងគ្រោះបានប្រកែកថា មិនបានវាយនោះទេ ស្រាប់តែជនសង្ស័យបានស្ទុះមកវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ ក៏ជិះចេញទៅបាត់តែម្តង ហើយត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន ស្រាវជ្រាវរកឃើញ និងឃាត់ខ្លូននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្បែរវត្តប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ៕