ភ្នំពេញ៖ បុរសម្នាក់គ្រាន់តែស្រី្តជាប្រពន្ធដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែ ទៅលេងស្រុកបាន២ថ្ងៃ រង់ចាំសម្រាល ស្រាប់តែបុរសជាប្តីបានយកខ្សែអង្រឹងចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ស្នាក់នៅយ៉ាងអាណោចអាធ័ម។
ករណីចង.កធ្វើអត្តឃាតនេះ បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារអ៊ីអន ក្នុងដីឡូមួយកន្លែង ដែលក្រុមហ៊ុនសាងសង់ជាបន្ទប់ៗឲ្យកម្មកសំណងស្នាក់នៅ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។


ជនរងគ្រោះដែលគិតខ្លីចង.កចោលប្រពន្ធពោះធំនេះ មានឈ្មោះហេង ចាន់ទ្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិខ្វាវលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំណែក ស្រី្តជាប្រពន្ធកំពុងមានផ្ទៃពោះធំ៨ខែជាងទៅស្រុក រង់ចាំឆ្លងទន្លេ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានប្តីប្រពន្ធ២នាក់ បានដើរឆ្លងកាត់ចំណុចបន្ទប់ខាងលើ លុះពេលចោលភ្នែកទៅ ស្រាប់តែឃើញជនរងគ្រោះយកខ្សែអង្រឹងចង.កភ្ជាប់ទៅនឹងធ្នឹមឈើខាងលើជាប់នឹងដំបូលស្លាប់បាត់ទៅហើយ ក៏ស្រែកផ្អើលឆោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍។


អ្នករស់នៅជិតបន្ទប់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនថ្នាំជាយូរមកហើយ គ្មានធ្វើការងារអ្វីទេ បានប្រពន្ធដើរបោកខោអាវឲ្យគេយកលុយចិញ្ចឹម ។ មុនកើតហេតុ២ថ្ងៃ ស្រ្តីជាប្រពន្ធបានទៅស្រុកកំណើត ដើម្បីរង់ចាំឆ្លងទន្លេ តែដឹងអី! បុរសជាប្តីក៏ចង.ក សម្លាប់ខ្លួនតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចង.កធ្វើអត្តឃាតមែន រួចក៏ធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទឹកថ្លា៕