រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ ឧកញ៉ា ២​នាក់ ឪពុក និង​កូន ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ក្រុមហ៊ុន 7NG ចូល​ចិត្ត​ស៊ីដាច់​លុយ​អតិថិជន​ដែល​ទិញ​ដី​ឡូ​តិ​នោះ កំពុង​ប្រឈម​នឹង​ការ​ចាប់​ឃុំខ្លួន បន្ទាប់​ពី​តំណាង​អយ្យការ ២​រូប នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ រក​ឃើញ​ថា ពួក​គេ​ជាប់​ពាក់ព័ន្ធ សំណុំរឿង ឆបោក​ប្រាក់ ក្នុង​អំពើ​ទិញ​លក់​ដី​ខ្យល់ ។

ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ជា​ផ្លូវការ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ សីហា នេះ បាន សម្រេច​ធ្វើការ​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា នាយក​ក្រុមហ៊ុន​7NG និង​ឧកញ៉ា ស្រី ច​ន្ធូ (​ជា​កូន​) អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន 7NG មួយ​បទល្មើស​ថ្មី​ទៀត ពី​បទ​.​ឆបោក​.​ពាក់ព័ន្ធ​ការ​លក់​ដី​ឡូ​តិ៍​ចំនួន​៧​ឡូ​តិ៍ យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ិ​ន សុ​ភ័ក្ត្រ ចុះ​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៨ ។

កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ ដីកាកោះ​របស់​តំណាង​អយ្យការ​ចំនួន​២​លើក ឱ្យ​លោក​ឧកញ៉ា ស្រី សុធា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​កូនប្រុស​គឺ ឧកញ៉ា ស្រី ច​ន្ធូ ជានា​យក​ក្រុមហ៊ុន 7NG មិន​ព្រម​ចូលខ្លួន ត្រូវ​បាន​លោក កែវ​សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពី​បទ​ឆបោក ក្នុង​សំណុំរឿង​លក់​ដី​ខ្យល់ ពាក់ព័ន្ធ​ការ​លក់​ដី​ខ្យល់​ទំហំ​១​ហិ​កតា ស្ថិត​នៅ​ភូមិ​ព្រែក​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈុ​ន ណា​វី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ។

ដីកា​សន្និដ្ឋាន ចំនួន​២ មិន​ខុស​ពី​លោក កែវ សុធា ឡើយ ពោល​គឺ​លោក ប្លង់ សុផល ក៏​បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាប់ និង​ឃុំខ្លួន ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ច​ន្ធូ យក​ទៅ​ដាក់គុក​ដូច​គ្នា ។

ទោះជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​យើង បាន​ព្យាយាម​សុំ​ការ​បំភ្លឺ ដោយ​បាន​ទូរស័ព្ទ​ទៅ ឧកញ៉ា ស្រី សុធា តាម​រយៈ​លេខ 095 77 77 77 តែ​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​ទេ ។

សូម​រម្លឹក​ថា កាលពី​អំឡុង​ដើមឆ្នាំ​២០១៩​នេះ មាន​ករណី​ផ្ទុះ​ការ​តវ៉ា និង​ទាមទារ​ដី ពី​ក្រុមហ៊ុន 7NG ពី​សំណាក់​អតិថិជន​ជា​ច្រើន​នាក់ នៅ​ក្នុង​ការិយាល័យ​លក់​ដី​ឡូ​តិ​របស់​ក្រុមហ៊ុន​នេះ ស្ថិត​នៅ​ភូមិ​ព្រែក​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​បន្ទាប់​មក ឧកញ៉ា ស្រី សុធា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​កូនប្រុស​គឺ ឧកញ៉ា ស្រី ច​ន្ធូ ជានា​យក​ក្រុមហ៊ុន 7NG បាន​ចេញ​មុខ​ដោះស្រាយ និង​សន្យា​ថា នឹង​ប្រគល់​ដី​ជូន​អតិថិជន​តាម​កិច្ចសន្យា ឲ្យ​បាន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ ។

មហាជន​កំពុង​រង​ចាំ​មើល​ថា តើ វាសនា ឧកញ៉ា ឪពុក និង​កូន ថៅកែ​ក្រុមហ៊ុន 7NG ដែល​រកស៊ី​បោកប្រាស់​ពលរដ្ឋ​បែប​នេះ អាច​ជាប់​ពន្ធនាគារ​ដែរ​ឬទេ ?

អតិថិជន​នៃ​ក្រុមហ៊ុន 7NG ជា​ច្រើន​នាក់​ទៀត បាន​បញ្ជាក់​ដូច​ៗ​គ្នា​ថា ពួក​គេ​នឹង​ប្តឹង​ឧកញ៉ា ស្រី សុធា និង​ឧកញ៉ា ស្រី ច​ន្ធូ ទៅ​តុលាការ ប្រសិនបើ​ក្រុមហ៊ុន​គ្មាន​ដី​ប្រគល់​ជូន​អតិថិជន​តាម​ការ​សន្យា​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ នោះ​ទេ ៕