ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស មានករណីអគ្គិភ័យមួយបានកើតឡើងឆះរបស់ប្រជាពលរដ្ឋ១ខ្នង រួមទាំងទ្រព្យសម្បត្តិនៅក្នុងនោះអស់គ្មានសល់ ហើយអណ្តាតភ្លើងបានដុតកម្លោចបុរសពិការម្នាក់ ជាកូនរបស់ម្ចាស់ផ្ទះ បណ្តាលឲ្យស្លាប់ក្នុងភ្នក់ភ្លើងគួរឲ្យអាសូរ។
ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់នេះ មានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ជារបស់ឈ្មោះហុក បាក់ឡេង ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។


សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យនេះបណ្ដាលឲ្យកូនរបស់ម្ចាស់ផ្ទះម្នាក់ឈ្មោះស៊ុន លាងហ៊ាន់ អាយុ៤០ឆ្នាំ ជាមនុស្សពិការភាព(ខ្វិន) ត្រូវស្លាប់ឆេះខ្លោចក្នុងភ្នក់ភ្លើង ព្រមទាំងខូចខាត ម៉ូតូសង់កូរ៉េ ១គ្រឿង, ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង , លុយចំនួន១០០ដុល្លារ , អង្ករ១បេ ,សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះទាំងស្រុង។


សមត្ថកិច្ច បញ្ជាក់ថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ សង្ស័យកូនរបស់ម្ចាស់ផ្ទះ (ជនរងគ្រោះដែលស្លាប់នោះ) ជាអ្នកដុត ដោយសារតែជនរងគ្រោះមានជំងឺរ៉ាំរ៉ៃពិបាករស់នៅពេក ហើយកន្លង ជនរងគ្រោះធ្លាប់បានដុតផ្ទះចោលបំណងធ្វើអត្តឃាតខ្លួនជាច្រើនដងហើយ តែត្រូវបានក្រុមគ្រួសារនិងអ្នកជិតខាងឃើញទាន់ពេលរហូត៕