ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ដោយបុរសជាប្តីបានទាញកាំបិតផ្គាប់កាប់ប្រហារនារីជាប្រពន្ធគ្មានញញើតដៃ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចបុរសជាឃាតករបានចង.ក សម្លាប់ខ្លួនតាមក្រោយ ដោយបន្សល់ទុកកូនប្រុសតូចម្នាក់ ឲ្យកំព្រាគ្មានឪពុកម្តាយ។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា នារីរងគ្រោះដែលត្រូវប្តីកាប់សម្លាប់ ឈ្មោះមុំ សុខណា អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ រីឯជនរងគ្រោះជាប្តីមានឈ្មោះ ស៊ុន សុគាន់ អាយុ៣៨ឆ្នាំ។


តាមសម្តីឪពុករបស់នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កន្លងមក ពួកគេទាំង២នាក់ឧស្សាហ៍ឈ្លោះគ្នាញឹកញាប់ណាស់ ហើយអ្នកជិតខាងប្រាប់គាត់ដែរថា ទាំង២នាក់នេះមានជម្លោះគ្នាលើផ្ទះតាំងពីយប់ថ្ងៃទី២០ ខែសីហា ម៉្លោះ និងមានវាយគ្នា ហើយកូនស្រីគាត់បានស្រែកឲ្យជួយផងៗ តែគ្មានអ្នកណាចាប់អារម្មណ៍ជួយទេ ព្រោះប្តីប្រពន្ធពួកគេ តែងឈ្លោះគ្នាស្ទើររាល់ថ្ងៃទៅហើយ ហើយម្នាក់ៗមិននឹងស្មានថា អាចឈានដល់សម្លាប់គ្នាយ៉ាងដូច្នេះសោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទីធ្វើបុណ្យតាមប្រពៃណី។


លោកអធិការរង បានបញ្ជាក់ដែរថា បុរសជាប្តីរូបនេះ ធ្លាប់ប្រើប្រាស់ថ្នាំញៀន និងមានប្រចណ្ឌប្រពន្ធខ្លាំងណាស់ ហើយត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនម្តងហើយ និងទំនងជាភ្លើងប្រចណ្ឌឆាបឆេះឡើង ទើបធ្វើឲ្យបុរសជាប្តីដាច់ចិត្តកាប់ប្រហារនារីជាប្រពន្ធ រួចចង.កសម្លាប់ខ្លួនតាមក្រោយ ដើម្បីបញ្ចប់រឿងរ៉ាវគ្រប់យ៉ាងតែម្តង៕