ភ្នំពេញ៖ ជនសង្ស័យ២នាក់ កំពុងអូសរទះដែកនៅតាមផ្លូវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ចេញល្បាតក្នុងមូលដ្ឋាន ប្រទះឃើញ ឃាត់សួរនាំ ទើបដឹងថាជាមុខសញ្ញាចោរលួចដែក ក៍ឃាត់ខ្លួនបានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់សារធាតុញៀន) និងម្នាក់ទៀតដែលគេចខ្លួនបាត់ ឈ្មោះពៅ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។


ឯជនរងគ្រោះឈ្មោះ ម៉ក់ ណាក់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។


សម្ភារដកហូតមាន៖ រទេះអូសអេតចាយចំនួន១ ជារបស់ជនសង្ស័យ ។ ដែកជ្រុងផ្សារួចជាផ្ទាំងចំនួន៣ ផ្ទាំងប្រវែង៦ម៉ែត្រ ជារបស់ជនរងគ្រោះ និងបានប្រគល់ជូនជនរងគ្រោះវិញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានចេញល្បាតក្នុងមូលដ្ឋានដូចសព្វដង លុះដល់ម៉ោង០៣និង៣០នាទីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ ក៏បានឃើញជនសង្ស័យចំនួន០២នាក់កំពុងអូសរទេះអេតចាយដឹកដែកទីបជ្រុងដែលគេផ្សារជាផ្ទាំងរួចស្រេចចំនួន០៣ផ្ទាំង ។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យឈ្មោះពៅក៏បានរត់គេចខ្លួនបាត់ ដោយឡែកជនសង្ស័យឈ្មោះ ពេជ្រ ណារិទ្ធ ត្រូវសមត្ថកិច្ចឃាត់សួរនាំ និងនាំមកប៉ុស្តិ៍ដើម្បីសាកសួរបន្ត ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះពៅ ពិតជាបានធ្វើសកម្មភាពលួចដែកទីបរបស់គេពិតប្រាកដមែន ហើយកន្លងមកខ្លួនក៏ធ្លាប់ធ្វើសកម្មភាពលួចយកដែករបស់ប្រជាពលរដ្ឋដែលទុកចោលមុខផ្ទះជាច្រើនដងមកហើយដែរ ។ ជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕