ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ជាភ្ញៀវ ខណៈកំពុងនៅក្នុងកាស៊ីណូ បានត្រូវជនជាតិចិន១ក្រុម បានដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រប់យ៉ាងសាហាវ ហើយគ្រាប់កាំភ្លើង បានហោះត្រូវជនរងគ្រោះបណ្តាលឲ្យធ្លាយពោះ រងរបួសធ្ងន់ ហើយក្រុមខ្មាន់កាំភ្លើងនាំគ្នារត់គេចខ្លួនបាត់អស់ទៅ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីយប់ជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ប្រភពពីសមត្ថកិច្ច បញ្ជាក់តាមរយៈពិនិត្យ Video កាមេរ៉ាសុវត្ថិភាពឃើញថា ករណីផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិចិន១ក្រុម មានគ្នា៤នាក់ ។ ដំបូងឡើយ ក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាស៊ីណូនោះ ប៉ុន្តែត្រូវបានក្រុមសន្តិសុខហាមឃាត់មិនឲ្យពួកគេចូលទៅក្នុងកាស៊ីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក បានដកកាំភ្លើងខ្លីបាញ់រះចំនួន៤គ្រាប់ សំដៅចូលទៅក្នុងកាស៊ីណូនោះ បណ្តាលឲ្យគ្រាប់កាំភ្លើងហោះត្រូវជនរងគ្រោះ រងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាមតែម្តង ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្រ្គោះភ្លាម។


ប្រភពបន្តថា ចំណែក ក្រុមខ្មាន់កាំភ្លើងវិញ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ទៅ តែយ៉ាងណា រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវយ៉ាងក្តៅគគុកស្វែងតាមចាប់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមច្បាប់៕