ខេត្តពោធិ៍សាត់ ៖ ក្រុមអ្នកជើងល្អចំនួន៤នាក់ បានបែកគំនិតតាំងខ្លួនជាមន្រ្តីនគរបាលស្លៀកពាក់ឯកសណ្ឋានយ៉ាងស្អាតបាត រួចទៅធ្វើសកម្មភាពជំរិតទារប្រាក់ពីម្ចាស់ស្ថានីយប្រេងឥន្ធនៈ១កន្លែងចំនួន៣០០ដុល្លារ បែរជាអស់លក្ខណ៍ ត្រូវជនរងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យកម្លាំងនគរបាលនៃអធិការនគរបាលស្រុកក្រគរ ជួយអន្តរាគមន៍តាមចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
ជនសង្ស័យទាំង៤នាក់ ដែលជាប់ខ្នោះដោយសារដើរជំរិតទារប្រាក់ពីគេ ទី១-ឈ្មោះ ឯម សូវិសាល ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អង្គភាពសារព័ត៌មាន TNC)។ ទី២-ឈ្មោះរុំ រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង (នៅអង្គភាពសារព័ត៌មាន NTC)។ ទី៣-ឈ្មោះថុង គឹមងួន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អង្គភាពសារព័ត៌មាន PCN)។ ទី៤-ឈ្មោះឯម សុវិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរតន សង្កាត់រតន ក្រុងបាត់ដំបង (នៅអង្គភាពសារព័ត៌មាន CPN)។

សមត្ថកិច្ចដកហូត រថយន្ត១គ្រឿងម៉ាកឡិចស៊ីស, ទូរស័ព្ទដៃចំនួន៤គ្រឿង លោហធាតុពណ៌ក្រហម1ខ្សែ។
តាមសម្តីជនរងគ្រោះឈ្មោះយ៉ាន រ៉ាឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយ ឃុំស្នាមព្រះ ស្រុក បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រុមជនសង្ស័យខាងលើបានជិះរថយន្ត១គ្រឿង ម៉ាកឡិចស៊ីសRX៣០០ ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង ២B០-២៤៨ ទៅគំរាមទារប្រាក់ពីគាត់ចំនួន៣០០ដុល្លារពីគាត់ ដោយប្រាប់ថា ពួកគេជាមន្ត្រីនគរបាល មកពីអគ្គស្នងការនគរបាលជាតិ មានលិខិតបេសកកម្មពីលោក ស៊ុយ សែន ដោយបានចោទប្រកាន់ថា ស្ថានីយលក់ប្រេងរបស់គាត់ មិនមានច្បាប់ត្រឹមត្រូវ ប៉ុន្តែគាត់បានឱ្យប្រាក់ទៅពួកគេតែ១០ដុល្លារប៉ុណ្ណោះ ដោយប្រាប់ក្រុមជនសង្ស័យថា ឲ្យទៅពិនិត្យឈ្មោះនៅពន្ធដារស្រុកបាកាន។
ប្រភពខាងលើបន្តថា ពេលនោះ ក្រុមជនសង្ស័យបាននាំគ្នារត់ឡើងជិះរថយន្តចេញយ៉ាងប្រញាប់ប្រញាល់គួរឲ្យសង្ស័យ ទើបគាត់ធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងនគរបាល បានចេញបង្ក្រាបស្ទាក់ចាប់បានជនសង្ស័យទាំង៤នាក់ នៅចំណុចផ្លូវជាតិលេខ៥ មុខអធិការនគរបាលស្រុកក្រគរ នាំមកសាកសួរ ទើបដឹងថា តាមពិតក្រុមជនសង្ស័យជាអ្នកកាសែតមិនដែលឮឈ្មោះសោះ តែបានបែកគំនិតបន្លំខ្លួនជាមន្ត្រីនគរបាលដើរជំរិតទារប្រាក់គេ។
ក្រុមជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕