ខេត្តពោធិ៍សាត់៖ បុរសជាកម្មករម្នាក់កំពុងធ្វើលូបង្ហូរទឹក ខណៈពេលមេឃធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ផ្គរ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាហោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃអង្អារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបឹងប្រស្រី ស្ថិតក្នុងភូមិចាយូវ ឃុំមេទឹក ស្រុកបាកាន ។


មន្រ្តីនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយរន្ទះបាញ់ឈ្មោះ វ៉ែន ណូត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន មកធ្វើកម្មករសំណង់ ធ្វើលូទឹកប្រឡាយ របស់ក្រុមហ៊ុនសូម៉ា ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ នៅចំណុចកើតហេតុ ។


ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ជនរងគ្រោះអាចពិតជាស្លាប់ដោយគ្រោះធម្មជាតិរន្ទះបាញ់ពិតប្រាកដ រួចធ្វើកំណត់ហេតុតាមបែបបទរដ្ឋបាល និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕