ខេត្តកណ្តាល៖ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ម្នាក់ បានបើករថយន្ត LEXUS RX330 ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាល បណ្ដាលឲ្យ ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត។


ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នំា២០១៩ នៅចំណុចខាងមុខផ្ទះគង់ ចន្ទា លក់ភេសជ្ជៈគ្រប់ប្រភេទ លើផ្លូវជាតិលេខ២១ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។


ជនរងគ្រោះឈ្មោះ សេង ឡុង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ជាភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ។


មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តLEXUS RX330 មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកក្បាលរបាំងចែកផ្លូវ បណ្ដាលឲ្យ ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត ។


ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕