ភ្នំពេញ ៖ អ្នកបើកបររថយន្តក្រុងម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានធ្វើការឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែក នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្រោយពីរកឃើញថា ជនសង្ស័យរូបនេះ បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន។
ជនសង្ស័យឈ្មោះ ជ័រ ដុំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើកបររថយន្តក្រុង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-5152 ។


សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ បើកបរដោយល្បឿនលឿនដូចហោះមិនខ្លាចបុកមនុស្សស្លាប់ឡើយ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ ភ្លាមនោះកម្លាំងបានហៅឱ្យឈប់ ធ្វើការត្រួតពិនិត្យឆែកឆេរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល វិជ្ជមាន(មានសារធាតុក្នុងទឹកនោម)។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕