ខេត្តកំពង់ចាម ៖ ប្អូនស្រី២នាក់ ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទើបតែបញ្ចប់កាលពីម្សិលមិញនេះ បានធ្វើឲ្យមហាជនមានចិត្តអាណិតពួកនាងជាពន់ពេក ព្រោះតែមានជីវភាពក្រីក្រលំបាកគ្មានប្រាក់ទិញបាយហូប និងចាយវាយពេលមកប្រឡង ហើយអ្វីដែលកាន់តែក្តុកក្តួលនោះ គឺម្តាយប្អូនស្រីម្នាក់ កំពុងតែវះកាត់ជំងឺសម្រាកនៅក្នុងមន្ទីរពេទ្យទៀតផង។


ប្អូនស្រីក្រីក្រដែលខំប្រឹងតស៊ូរៀនសូត្ររហូតបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ទី១-ឈ្មោះ យេត សុខខេន ភេទស្រី រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្ទឹងត្រង់ និងទី២-ឈ្មោះ វេត ស្រីអ៊ាង ភេទស្រី រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្រុកស្ទឹងត្រង់។


ក្រោយដឹងពីការតស៊ូ និងជីវភាពលំបាករបស់ប្អូនស្រីទាំង២នាក់ បានធ្វើឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មានចិត្តអាណិតប្អូនស្រី ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់សិស្សក្រីក្រចំនួន០២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល និងទឹកក្រូច១កេស និងមី១កេស ផងដែរ ។


សូមបញ្ជាក់ថា កាលពីម្សិលមិញ គណនីហ្វេសបុក Chhay Ly បានបង្ហោះថា « សូមកោតសរសើរដល់ទឹកចិត្តលោកស្នងការផែនអន្តោប្រវេសន៍ ខេត្តកំពង់ចាម ដែលលោកបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួច ដល់បេក្ខជនដែលមកប្រលង នៅមណ្ឌលឧត្តរ ដែលគាត់មកប្រលងនេះមិនមានលុយកាក់សំរាប់ញុំាបាយ រឺក៏ចាយវាយអ្វីទេ ហើយម្តាយគាត់កំពុងធ្វើការវះកាត់នៅមន្ទីរពេទ្យទៀត គាត់រំភើបចិត្តឡើងស្រក់ទឹកភ្នែក អារម្មណ៍មួយគិតគ្រួសារ មួយទៀតគិតពីក្តីបំណងរបស់អ្នកមានគុណ»​​ ៕