ខេត្តព្រះសីហនុ៖ គ្រួសារពលរដ្ឋ១មានឪពុកម្តាយ និងកូនស្រី រស់នៅក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្ម ស្លាប់ជាបន្តបន្ទាប់យ៉ាងអាណោចអាធ័ម កាលពីម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្នុងនោះបុរសជាឪពុក និងកូនស្រីស្លាប់ក្នុងផ្ទះ និងស្ត្រីជាម្តាយបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។


ជនរងគ្រោះជាឪពុកមានឈ្មោះ លី ខេង អាយុ៤៣ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ និងកូនស្រីឈ្មោះលី ស៊ីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស ចំណែកស្ត្រីជាម្តាយឈ្មោះ ម៉ឹង ចាន់ផល អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់។


សមត្ថកិច្ច បានឲ្យដឹងថា តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច ជនរងគ្រោះទាំង៣នាក់ស្លាប់ដោយសារថ្នាំពុល ហើយទំនងជាមានជនរងគ្រោះណាម្នាក់ក្នុ ងចំណោមម្តាយ ឫឪពុកដាក់ថ្នាំពុលដើ ម្បីសម្លាប់ក្រុមគ្រួសារនេះទាំងមូល។


ទោះជាយ៉ាងនេះ រហូតមកទល់នឹងព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានអំពីដើមហេតុនេះថា កើតឡើងដោយសារមូលហេតុអ្វី ដោយគ្រាន់តែបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុលសម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្មបង្កឡើងពីភាគីផ្សេងនោះទេ ហើយពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត និងចាត់ការតាមនីតិវិធី៕