ខេត្តរតនគិរី៖ ជនសង្ស័យវ័យពីរនាក់ក្មងចំណោមបីកនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេបានប្រព្រឹត្តអំពើហិង្សាដោយចេតនា(មានស្ថានទម្ងន់) វាយបំផ្លាញម៉ូតូម៉ាកហ្សូមមឺអ៊ិច មួយគ្រឿងរបស់ជនរងគ្រោះ ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៧ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមជនសង្ស័យ ធ្វើសកម្មភាពភ្លាមៗ នៅតាមផ្ទះជនសង្ស័យក្នុងឃុំកិចុង ស្រុកបរកែវ ។
ជនសង្ស័យទី១ឈ្មោះ រចំ ទៀន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចារាយ និងទី២ឈ្មោះ រម៉ាម ដួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចារាយ។ ទាំងពីរនាក់ មានទីលំនៅភូមិលើហន់ ឃុំកិចុង ស្រុកបរកែវ ។ ចំណែកជនសង្ស័យទី៣ ឈ្មោះ ទីង យ៉ែម ភេទប្រុស អាយុ២៤ឆ្នាំ បានរត់គេចខ្លួនបាត់។


ឯជនរងគ្រោះ ឈ្មោះ រចំ អ៊ីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិគ្រៀង ឃុំកិចុង ស្រុកបរកែវ។
ជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។ ឯម្នាក់ទៀតដែលរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត ៕