ភ្នំពេញ៖ នៅសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ដកហូតម៉ូតូ២គ្រឿង ១គ្រឿងរបស់ជនរងគ្រោះ និងដកហូតកាំភ្លើងខ្លីម៉ាក់K៥៩ មួយដើមផងដែរ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។


ជនសង្ស័យទាំង២នាក់ ៖ ទី១មានឈ្មោះសុច ចន្ធ័រិន ហៅហ្និន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះសំ បណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១អឺ២ ផ្លូវ១៤២ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី៣ មានឈ្មោះកែវ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កំពុងគេចខ្លួន ។


រីឯជនរងគ្រោះមានឈ្មោះ ថៃ រតនាភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់បុរីពិភពថ្មី ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី ជនសង្ស័យឈ្មោះសុចចន្ធ័ ហៅនិន បានជិះម៉ូតូម៉ាក zoomer x ពណ៌សលាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BR- 3436 ដោយមានអាវុធខ្លីមួយដើមម៉ាក K៥៩ មួយដើម មានគ្រាប់ចំនួន៨គ្រាប់ ។

ពេលជិះម៉ូតូមកដល់ចំណុចផ្ទះលេខ៤៩៤ អឺ0 ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី 2 ខណ្ឌចំការមន ឃើញស្រ្តីម្នាក់កំពុងឈរកាន់កាបូបនៅជិតម៉ូតូម៉ាកPCX ពណ៌ស ជនសង្ស័យក៏បានធ្វើសកម្មភាឆក់កាបូបពីជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន ជនរងគ្រោះក៍បានស្រែកឆោឡោ ពេលនោះប្ដីជនរងគ្រោះ ក៏បានទាញម៉ូតូដេញតាមសង្ស័យ រហូតដល់ចំណុចមុខផ្ទះលេខ១៦៩អឺ០ផ្លូវលេខ៣៣៦ សង្កាត់វាលវង់ខណ្ឌ 7មករា តាមទាន់ហើយយកជើងធាក់ម៉ូតូជនសង្ស័យបណ្ដាលឱ្យដួលទាំងអស់គ្នា ហើយប្ដីរបស់ជនរងគ្រោះក៏បានទាញកាបូបបានពីជនសង្ស័យបានមកវិញ ឯជនសង្ស័យបានទុកម៉ូតូខ្លួនចោល ហើយរត់លើកម៉ូតូរបស់ជនរងគ្រោះម៉ាក pcx ជិះរត់បានប្រហែលជា៣០ម៉ែត្រ ជនរងគ្រោះបានចុចតេឡេបញ្ជាឱ្យរលត់ម៉ាស៊ីន ជនសង្ស័យក៍ដួលម៉ូតូ ជ្រុះកាំភ្លើងទៅលើថ្នល់ រួចរើសមកវិញ ហើយបាញ់សំដៅទៅជនរងគ្រោះចំនួន២គ្រាប់ ចេញបានមួយគ្រាប់ ប៉ុន្តែមិនត្រូវជនរងគ្រោះនោះទេ ជនសង្ស័យក៏បានកាន់អាវុធខ្លីរត់តាមផ្លូវលេខ២១៥ សង្កាត់វាល់វង់ ដល់ចំណុចមុខភោជនីយដ្ឋានប៉ៃហឺ ក៏ឃើញជនរងគ្រោះផ្សេងទៀត២នាក់(ប្រុសម្នាក់ស្រីម្នាក់) កំពុងជិះម៉ូតូឌុបគ្នា ម៉ាកmoove ព៌ណផ្ទៃមេឃ ស៊េរី២០១៨ ស្លាកលេខភ្នំពេញ 1GY -2324 ជនសង្ស័យក៏បានយកអាវុធខ្លីភ្ជង់ទៅលើជនរងគ្រោះ ប្លន់ម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ ។

លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារថ្មី១ ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើដោយដកហូតម៉ូតូmoove មកវិញផងដែរ ។
ក្រោយពីបង្ហាញមុខរួច កម្លាំងការិយាល័យបានបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់នេះទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕