ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀត បានរងបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជនរងគ្រោះទាំង២ បើកម៉ូតូមិនប្រយ័ត្នទាក់ដៃចង្កូតគ្នាដួល ហើយមានរថយន្ត១គ្រឿងផ្សេងទៀតបើកមកតាមក្រោយកិនថែម ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៥៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅលើកណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ័ណ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សុង បេឡា ភេទប្រុស២៨ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោ ភ័ណ បើកបរម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ ជាបុគ្គលិកអង្គការប្រាសាក់ និងជនរងគ្រោះដែលស្លាប់ ឈ្មោះតាន់ ឌឿន ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិសូភី កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូឆាលី ។

ប្រភពបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះតាន់ ឌឿន បានបើកបរម៉ូតូ ម៉ាកឆាលី ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុផ្លូវបំបែក បានបត់ឆ្វេង ស្របពេលនោះ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកបរដោយជនរងគ្រោះឈ្មោះសុង បេឡា បើកស្របទិសគ្នាពីក្រោយ បានទាក់និងដៃចង្កូត បណ្តាលឲ្យម៉ូតូទាំង២គ្រឿង ហើយជនរងគ្រោះឈ្មោះ តាន់ ឌឿន បានខ្ទាតទៅលើទ្រូងថ្នល់ ក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរទិសដៅពីកើតទៅលិចកិនចំពាក់កណ្តាលខ្លួនស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល ។ ចំណែក ជនរងគ្រោះឈ្មោះតាន់ បេឡា ទៅលើចិញ្ចើមថ្នល់រងរបួសធ្ងន់បាក់ឆ្អឹងស្លាបប្រចៀវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុយកម៉ូតូទាំង២គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ រីឯរថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ទាំងអ្នកបើកបរមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនកូនចៅដឹកយកទៅលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕