ភ្នំពេញ ៖ បុរសម្នាក់ឈប់ម៉ូតូចុះបត់ជើងតូច មិនបានដកសោ ត្រូវជនសង្ស័យថ្លើមធំម្នាក់ ដើរចូលមកបញ្ឆេះជិះគេចខ្លួនបាត់ ។ តែប្រហែល៣ម៉ោងក្រោយមក កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយជនរងគ្រោះ តាមចាប់វាយខ្នោះជនសង្ស័យម្នាក់បានវិញ។


ប្រតិបត្តិការស្រាវជ្រាវចាប់បានជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១១:១០នាទីយប់ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វារវត្តពោធិ៍ញាណ ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ជនសង្ស័យឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ ចាប ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៣៤ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មុខរបរបើករ៉ឺម៉កដឹកឈើ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះមានឈ្មោះ សាន្ត បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
មុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះបានឈប់ម៉ូតូចុះបត់ជើងតូចនៅចំណុចកើតហេតុ ដោយពុំបានដកកូនសោចេញពីម៉ូតូ ស្រាប់តែជនសង្ស័យថ្លើមធំម្នាក់នេះ ដើរចូលមកបញ្ឆេះជិះគេចខ្លួនបាត់ ។

តែប្រហែល៣ម៉ោងក្រោយមក កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយជនរងគ្រោះ តាមចាប់វាយខ្នោះជនសង្ស័យម្នាក់បានវិញ ជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ (បិទតែម២០១៩) លេខតួ+លេខ ម៉ាស៊ីន៥២៧៣១១០ ពាក់ស្លាកលេខ ភ្នំពេញ1HA 9569 ជារបស់ជនរងគ្រោះឈ្មោះសាន្ត បញ្ញា ត្រូវបានសមត្ថកិច្ចដកហូតប្រគល់ជូនជនរងគ្រោះវិញ ។
ជនសង្ស័យឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ ចាប ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕