ខេត្តកំពង់ឆ្នាំង៖ ប្ដីប្រពន្ធ២នាក់ប្រកបមុខរបរបើកបររ៉ឺម៉កម៉ូតូដឹកគ្រឿងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ ត្រូវរថយន្តម៉ាកហ្វុយហ្សូ បុកបណកដាលឲ្យប្តីរងរបួសដាច់ជើងទាំងពីរ ឯប្រពន្ធរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានជ្រៃបាក់ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ជនរងគ្រោះជាប្តីឈ្មោះ យល់ ប៉ាលី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ដោយដាច់ជើងទាំងសងខាង ដោយជើងខាងឆ្វេង បានដាច់នៅនឹងកន្លែងកើតហេតុ រីឯជើងស្ដាំនៅជាប់តែស្បែកបន្តិចតែប៉ុណ្ណោះ។ ឯស្ត្រីជាប្រពន្ធឈ្មោះ វ៉ា ជីលី អាយុ២៥ឆ្នាំ រងរបួសស្រាលជនរង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះជាប្ដី ត្រូវសមត្ថកិច្ចដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ស្ត្រីជាប្រពន្ធបានឲ្យសមត្ថកិច្ចដឹងថា ពួកគាត់ពីរនាក់ប្ដីប្រពន្ធមានទីលំនៅភូមិត្រពាំងក្រឡោង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ប្រកបមុខរបរដឹកគ្រឿងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ ដូចជា អំបោសបោសផ្ទះ កន្ទេល គ្រឿងជ័រ ពូក អង្រឹង ដឹករ៉ឺម៉កម៉ូតូលក់តាមបណ្ដាខេត្តឆ្ងាយៗ។ មុនពេលកើតហេតុ ពួកគាត់បានដឹកសម្ភារ:ទាំងនេះចេញពីផ្ទះ មកលក់តាមបណ្ដាខេត្តឆ្ងាយៗ អស់រយ:ពេលជិត ១ខែមកហើយ ទើបតែលក់អស់នៅថ្ងៃនេះ ពួកគាត់ក៏បាននាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ព្រោះបែកពីផ្ទះនិងចោលកូនៗយូរថ្ងៃហើយ តែមិននឹកស្មានថា មកជួបគ្រោះថ្នាក់បែបនេះទេ ៕