ខេត្តកណ្ដាល៖ យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នបានបុករថយន្ដ១គ្រឿងពេញមួយទំហឹង ដែលចតលើចិញ្ចើមផ្លូវ ដោយពុំបើកភ្លើងសញ្ញាសម្គាល់ បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង២១និ ង៤០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ចំណុចច្រកចូលផ្ទះសំណាក់ឡាលីន លើផ្លូវ២០៦ ស្ថិតក្នុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ភឹម វិឆៃ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1V-0368 ។ ចំណែករថយន្ដម៉ាក ASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 3A-0397 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួន ។


ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើបានបើកឆ្លងផ្លូវស្ដាំមកឆ្វេង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ រថយន្ដឈប់ចតនៅលើចិញ្ចើមផ្លូវ ដោយពុំដាក់ភ្លើងសញ្ញាជាសម្គាល់នោះទេ ខណៈនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកដោយល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលក្រុងតាខ្មៅ បានចុះមកធ្វើការពិនិត្យវាស់វែង កសាងឯកសារយកម៉ូតូ និងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕