ភ្នំពេញ៖ នារីវ័យក្មេងម្នាក់មានផ្ទៃពោះ៧ខែ បានទៅពិនិត្យផ្ទៃពោះ និងឆ្លុះអេកូនៅគ្លីនិកឯកជនមួយកន្លែង ត្រូវបានខាងក្រុមគ្រូពេទ្យយកម្រាមដៃមិនបានពាក់ស្រោមមកលូក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត រហូតទាស់ពាក្យសម្ដីគ្នា តែចុងក្រោយខាងគ្រូពេទ្យយល់ព្រមសងជំងឺចិត្ត៤០០ដុល្លារ ដើម្បីបញ្ចប់រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅគ្លីនិកឯកជនមួយកន្លែង យីហោ ករុណាពេទ្យ តាមបណ្តោយផ្លូវទំនប់លេខ៧០ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។


ស្រ្តីជនរងគ្រោះ មានអាយុ១៩ឆ្នាំ មានប្តីឈ្មោះ ធា រដ្ឋា អាយុ២៣ឆ្នាំ មានមុខរបរអូឌ័រនៅខារ៉ាអូខេ ស្នាក់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ប្តីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់ខ្លួនអាយុ១៩ឆ្នាំ មានផ្ទៃពោះ៧ខែ ប៉ុន្តែប្រពន្ធគាត់នៅតែបន្តឆ្លៀតពេលធ្វើការរកប្រាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែង ហើយត្រូវមិត្តភក្តិម្នាក់ដើរមិនបានប្រយ័ត្ន បណ្តាលឲ្យប៉ះចំពោះនាង បណ្ដាលឲ្យមានអការៈមិនស្រួល ទើបហៅក្រុមគ្រួសារដឹកតាមម៉ូតូកង់បីជូនមកមន្ទីរពេទ្យជប៉ុន ហើយជនរងគ្រោះបានសួរអ្នករត់កង់បីថា នៅកន្លែងណាមានឆ្លុះអេកូ? ខាងអ្នករត់ម៉ូតូកង់បីបានប្រាប់ថា ស្គាល់គ្លីនិកឯកជនយីហោករុណាពេទ្យ ទើបឲ្យដឹកមកគ្លីនិកនោះ តែម្តង ។


ប្តីនារីរងគ្រោះបានបន្តថា នៅពេលចូលទៅដល់ខាងក្រុមគ្រូពេទ្យ ក៏បានឲ្យប្រពន្ធគាត់ចូលក្នុងបន្ទប់ដើម្បីពិនិត្យ ហើយបន្ទាប់មក ពេទ្យបានយកម្រាមដៃលូកប្រដាប់ភេទប្រពន្ធគាត់ទាំងមិនមានពាក់ស្រោមដៃម្តងហើយម្តងទៀត រហូតចំនួន៣លើក បណ្តាលឲ្យប្រពន្ធគាត់ គិតថា គ្រូពេទ្យនោះមានចេតនាមិនល្អចំពោះនាង ក៏យករឿងនិយាយប្រាប់គាត់ជាប្តី ទើបបង្កជម្លោះទាស់ពាក្យសំដីគ្នាបង្កការភ្ញាក់ផ្អើលតែម្តង ។


ជនរងគ្រោះបានបញ្ជាក់ថា គ្លីនិកឯកជនមួយនោះឲ្យពេទ្យទើបតែចេញស្តា មកពិនិត្យជំងឺ និងធ្វើខុសវិជ្ជាជីវៈ គ្មានក្រមសីលធម៌ផងដែរ បើគ្រាន់តែឆ្លុះអេកូចាំបាច់អី មកប្រើម្រាមដៃ ដែលមិនពាក់ស្រោមលូកប្រដាប់ភេទអ្នកជំងឺទៅវិញ?
ក្រោយពេលកើតហេតុ ខាងគ្រូពេទ្យក៏មិនបានចេញមកដោះស្រាយបញ្ហានោះទេ តែដោយមានការសម្របសម្រួលពីសមត្ថកិច្ច ទើបមានតំណាងខាងគ្លីនិកចេញមកព្រមទទួលកំហុស និងព្រមសងសំណងដល់ក្រុមគ្រួសារអ្នកជំងឺ៤០០ដុល្លារ ជាថ្នូរសុំមិនឲ្យដាក់ពាក្យបណ្តឹង ព្រមទាំងធានាទទួលខុសត្រូវចំពោះជនរងគ្រោះរហូតដល់ថ្ងៃសម្រាលកូនទៀតផង ៕