បច្ចុប្បន្ននេះកសិករមានការយល់ដឹងច្រើននៅក្នុងវិស័យកសិកម្មមិនថាការចិញ្ចឹមសត្វ ដាំដំណាំ សុទ្ធតែមានបច្ចេកទេសថ្មីៗក្នុងការបង្កបង្កើនផលដើម្បីធ្វើយ៉ាងណាផ្គត់ផ្គង់តម្រូវការទីផ្សារឲ្យមានទាន់ពេលវេលា។

ក៏ដូចជាការដាំដំណាំហូបផ្លែប្រជាកសិករយើងតែងតែប្រើវិធីបំបៅរុក្ខជាតិហូបផ្លែដូចជា ស្វាយ ល្មុត ធុរេន ដើម្បីបង្កាត់ពូជរុក្ខជាតិជំនួសការយកកូន ឬគ្រាប់ទៅដាំ ក៏ព្រោះតែវិធីបំបៅហើយយកទៅដាំបែបនេះ វាទទួលបានលទ្ធផលល្អ និងរហ័សជាងការយកកូនតូចៗ ឬយកគ្រាប់ទៅដាំ។

ខាងក្រោមនេះជាវិធីបំបៅមែកស្វាយ ដោយយកឫសរបស់វា​ទៅបំបៅជាមួយមែក សូមមើលពីវិធីធ្វើដូចខាងក្រោមនេះ៖

+សម្ភារៈប្រើប្រាស់
-កូនកាំបិតស្រួច
-ឫសស្វាយ
-ដើមស្វាយដែលធ្លាប់មានផ្លែល្អៗ មិនធ្លាប់មានជម្ងឺ និងផ្លែច្រើន


-ខ្សែប្លាស្ទិចសម្រាប់រុំ
-ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។

+របៀបធ្វើ
– រកមើលមែកស្វាយ ដែលល្អទំហំប្រមាណប៉ុនកដៃ
– យកកាំបិតចិតសំបកមែកនោះជុំវិញ ៤កន្លែង ដោយចិតយកទំហំ​ធំជាង​ឫសបន្តិច


– ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែង​សរុបប្រមាណ ២តឹក និងយកវាទៅដាក់ភ្ជាប់ទៅលើមែកស្វាយ ដែលចិតសំបករួច ហើយយកខ្សែរុំវាឲ្យជាប់

– យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញកន្លែងបំបៅ​ឲ្យជាប់ ហើយជៀរសំបកជុំវិញ ដែលស្ថិតនៅខាងក្រោម​កន្លែងបំបៅនោះចេញ


– ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើម​មាន​ឫស ហើយនៅពេលដែលវាមានឫសច្រើនហើយអ្នកអាចយកវា​មកដាំបានហើយ។

បើចង់ដឹងថាបានផល ឬក៏មិនបានផលយ៉ាងណា កសិករគួរតែសាកល្បងអនុវត្ដន៏ដោយខ្លួនឯងនិងព្យាយាមស្វះស្វែងរកនូវឯកសារមួយចំនួន ឬសិក្សាពីអ្នកដែរមានជំនាញនោះទើបជាការល្អប្រសើរ ៕